ប្រាសាទឯកភ្នំជារមណីដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។
ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។
ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។