ប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២២-២០២៣។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំ ក្រោមបរិយាកាសសប្បាយរីករាយ និងពិសារអាហារសាមគ្គី ក្នុងឱកាសឆ្លងឆ្នាំសាកលនេះ គឺធ្វើឡើងដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ យុវជន សសយក និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សសយក និងក្រុមការងារទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្កាយ៉ាងសំខាន់ ក្នុងការបង្កើតនូវសុខដុមនីយកម្មដល់ប្រជាជននៅទូទាំងប្រទេស ហើយជាក់ស្តែងក្នុងរាត្រីនេះ យើងបានជួបជុំគ្នាសប្បាយរីករាយ ពិសារអាហារជុំគ្នា និងរាំលេងកំសាន្ត ជាមហាគ្រួសារខ្មែរតែមួយ។
សូមបញ្ជាក់ថា៖ នៅក្នុងរាត្រីដ៏សែនមនោរម្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន សសយក ខេត្ត បានគោរពជូនពរ រួមទាំងជូននូវកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២២-២០២៣ ចំណែកឯកឧត្តម និងលោកជំទាវ ក៍បានផ្តល់ជូនអាវយឺតពណ៌ផ្ទៃមេឃឆ្លងឆ្នាំសកល២០២៣ ចំនួន ១ សម្រាប់អ្នកចូលរួម និងរៀបចំអាហារប៊ុសហ្វេរួមគ្នា ដោយមានដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជ: និងម្ហូបអាហារជាច្រើនមុខទៀត ព្រមទាំងបានធ្វើពិធីចាប់រង្វាន់ជាច្រើនជូនដល់អ្នកចូលរួម ផងដែរ ។