ភ្នំពេញ៖ តំបន់បេតិកភណ្ឌធម្មជាតិចំនួនពីរក្នុងខេត្តកំពត រួមមាន ភ្នំព្រះគុហារហ្លួង និងភ្នំទទុង-ភ្នំតូច ត្រូវបានគេសង្ស័យថា សម្បូរដោយជីវៈចម្រុះច្រើនប្រភេទ។ ថ្មីៗនេះ ក្រុមអ្នកជំនាញបានរកឃើញប្រភេទសត្វមួយចំនួន ដែលស្ថិតក្នុងប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទងាយទទួលរងគ្រោះ និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ។
ភ្នំព្រះគុហារហ្លួង និងភ្នំទទុង-ភ្នំតូច ដែលស្ថិតក្នុងខេត្តកំពត ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវរកឃើញ ថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក ស្ថិតក្នុងក្រុមកង្កែប ចំនួន៨ប្រភេទ។ ជាមួយគ្នានោះ មាន៣ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត CR , ២ប្រភេទស្ថិតក្នុងក្រុមជិតផុតពូជ EN និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ VU។
លើសពីនេះ មានសត្វច្រើនប្រភេទទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងត្រូវបានសង្ស័យខ្ពស់ថា អាចជាប្រភេទថ្មីៗ ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។ ការសិក្សាស្រាវជ្រាវខាងលើឃើញថា ភ្នំទាំងពីនេះជាទីជម្រករបស់សត្វប្រចៀវ ដែលអាចផលិតលាមក សម្រាប់ប្រជាពលរដ្ឋយកទៅធ្វើជាជីធម្មជាតិ គិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសម្បត្តិវប្បធម៌ធម្មជាតិ ជាពិសេសភ្នំថ្មកំបោរ និងល្អាងភ្នំជាច្រើន ទើបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន២។ អនុក្រឹត្យលេខ ១២. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង មានទំហំ២៥ហិកតា ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ អនុក្រឹត្យលេខ ១៣. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច មានទំហំ៨៣,៤៤ហិកតា ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត៕