ការសិក្សាមួយបានបង្ហាញថា ការផឹកកាហ្វេពីរពែង ឬច្រើនពែងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃការស្លាប់ទាក់ទងនឹងជំងឺបេះដូងចំពោះអ្នកជំងឺមួយចំនួន។
ក្រុមអ្នកស្រាវជ្រាវជប៉ុនបានរកឃើញថា មនុស្សដែលមានសម្ពាធឈាមលើសពី ១៦០/១០០ mmHg ដែលចាត់ទុកថាខ្ពស់ខ្លាំងទំនងជាស្លាប់ដោយសារបញ្ហាបេះដូងខ្ពស់ជាងពីរដងបើធៀបនឹងមនុស្សដែលមានកម្រិតឈាមទាបជាង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺថា ហានិភ័យដែលកើនឡើងនេះមិនត្រូវបានអនុវត្តចំពោះអ្នកជំងឺលើសឈាម ដែលមិនមានសភាពធ្ងន់ធ្ងរនោះទេ។
ថាតើកាហ្វេល្អសម្រាប់សុខភាពឬអត់គឺត្រូវបានអ្នកវិទ្យាសាស្ត្រជជែកគ្នាជាយូរមកហើយ។ ការសិក្សាពីមុនៗបានរកឃើញថាការផឹកកាហ្វេច្រើនពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការស្លាប់ដោយសារមូលហេតុទាំងពួង ខណៈការសិក្សាផ្សេងទៀតបានផ្សារភ្ជាប់ការផឹកកាហ្វេទៅនឹងជំងឺមហារីក។
ជាតិកាហ្វេអ៊ីន ដែលជាធាតុផ្សំដ៏គួរឱ្យកត់សម្គាល់បំផុតនៅក្នុងកាហ្វេ ត្រូវបានគេដឹងថាអាចបង្កើនសម្ពាធឈាម និងចង្វាក់បេះដូងរបស់មនុស្សក្នុងរយៈពេលបណ្តោះអាសន្ន។
គេនៅតែមិនទាន់ច្បាស់ថាតើការផឹកកាហ្វេជាប់លាប់អាចបណ្តាលឱ្យមានការកើនឡើងសម្ពាធឈាមក្នុងរយៈពេលយូរ កូឡេស្តេរ៉ុលឬផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ផ្សេងទៀតចំពោះបេះដូងឬយ៉ាងណាទេ។
វាក៏មានកត្តាខាងក្រៅផងដែរទាក់ទងនឹងការផឹកកាហ្វេ ដែលអាចលាក់បាំងពីក្រោយប្រភេទនៃការសិក្សាទាំងនេះ ដូចជាចំនួនជាតិស្ករ ឬទឹកដោះគោខាប់ដែលមនុស្សម្នាក់ៗបានដាក់ក្នុងកាហ្វេរបស់ពួកគេ៕