ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។
បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំ២០២២រួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការខិតខំចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះស្រាយនូវរាល់សំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងកូវីដ-១៩ ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការ ៥ឆ្នាំនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហេតុនេះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងថវិកាក្នុងការអនុវត្តន៍កំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ៕