ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ របង និងអាគារមន្ទីរបក្សឃុំស្ទឹងត្រង់ ដែលស្ថិតនៅភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីបម្រើការងារបក្សនៅមូលដ្ឋានក្នុងឃុំស្ទឹងត្រង់ ឱ្យកាន់តែងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយស្របទៅនឹងគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ហើយកន្លងមកគណបក្ស ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ដើម្បីធ្វើការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យបន្តទៀត ។
លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ហើយជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះ តាមរយៈក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ គឺមានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់សម្រាប់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ ក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តរក្សាបាននូវប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខ ។
សូមបញ្ជាក់ថា៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងត្រង់ ដែលបានកំពុងចាប់ផ្តើមសាងសង់នេះ គឺមាន បណ្តោយ ៣១ម៉ែត្រ ទទឹង ១២ម៉ែត្រ និង របងព័ទ្ធជុំវិញ មាន បណ្តោយ ១១០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយប្រើប្រាស់ថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ៕