ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពីការបញ្រ្ជាប យេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចអេមស៍ ស្ថិតក្រោមអធិបតីភាពលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងលោកស្រី ចាន់ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ និងសមាជិកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចអេមស៍ជាច្រើនរូបដែរ។
លោកស្រី ចាន់ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការណ៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រជាច្រើនក្នុងការបញ្រ្ជាបយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើត ឋានៈតួនាទី ក្នុងការធ្វើសេចក្តីសម្រេចរួម ទាំងការបញ្ជូនទៅក្នុងច្បាប់ និងក្របខ័ណ្ឌគតិយុត្តមួយចំនួនហើយកិច្ចខិតខំទាំងនេះបាននាំមកនូវលទ្ធផលនៃការកើនឡើងជាបណ្តើរៗ នូវស្រី្តជាថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ គោលបំណងការបញ្ជ្រាបយេនឌ័រ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចអេមស៍រៀបចំឡើងដើម្បីជំរុញឱ្យស្រ្តីមានការចូលរួមជាពិសេសគឺជាការលើកកម្ពស់ស្ត្រីឱ្យមានភាពក្លាហាន និងមានការចូលរួមពង្រីកវិសាលភាពក្នុងការកសាងសមត្ថភាពរបស់ស្ត្រី ព្រមទាំងប្រសិទ្ធភាពការងារ មានតម្លាភាព និងមិនមានការរើសអើង ការទទួលបានអំណាចក្នុងការធ្វើការសម្រេចចិត្តលើធនធាន ការគ្រប់គ្រងលើការប្រើប្រាស់ចំណូល-ចំណាយ លើកទឹកចិត្ត ទទួលយកនូវបច្ចេកវិទ្យាទំនើប និងមានឱកាសក្នុងការដឹកនាំអភិវឌ្ឍន៍សហគមន៍នាពេលអនាគត។
ក្នុងឪកាសនោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការនៃពាណិជ្ជកម្មខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានខិតខំស្វែងរកកិច្ចសហការ និងការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយអប់រំជំរុញដល់ប្រជាជនតាមទីសាធារណៈ និងសហគមន៍ឱ្យយល់ដឹងបន្ថែមពីយេនឌ័រគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងឡាយរបស់គ្រួសារដើម្បីអភិវឌ្ឍន៍គ្រួសារ និង សហគមន៍បង្កើតឲ្យមានការពិភាក្សាអំពីវិធីផ្សេងៗ ក្នុងការចែករំលែក ការទទួលខុសត្រូវផ្អែកលើសមត្ថភាព យេនឌ័រ ផងដែរ៕