ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងលោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយបានការចូលរួមពី អស់លោក លោកស្រីជាប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងផ្នែកពាក់ព័ន្ធមួយចំនួន។
នាឱកាសនោះ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូនថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កំពុងធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅតាមក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ។ លោកបានបញ្ជាក់ថា ក្បាលដីរបស់ស្ថាប័ន ឬអង្គភាពរដ្ឋមួយចំនួន នៅមិនទាន់បានដាក់ពាក្យស្នើសុំ ចុះបញ្ជីដីនៅឡើយ ហើយស្ថាប័នឬអង្គភាពរដ្ឋមួយចំនួន មានការឆក់ល្វែងក្នុងការចូលរួមជាមួយក្រុមការងារចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ។ លោកសូមឱ្យអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់និងជាពិសេសស្ថាប័នឬអង្គភាពរដ្ឋ សូមជួយសហការជាមួយក្រុមការងារចុះបញ្ជីដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីពន្លឿនក្នុងការចុះបញ្ជី ឱ្យបានឆាប់ចប់មុនផែនការថ្នាក់ជាតិ។
លោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរ ដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។ទន្ទឹមនឹងនេះលោកបានលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ ពីឯកឧត្តម សរ សុវណ្ណ ដែលនឹងធ្វើការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឱ្យបានផុលផុស ដើម្បីពង្រឹងពុទ្ធិ ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះ ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ត្រូវកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ជាមួយគ្នានោះ ត្រូវកំណត់ប្រភេទដីដែលងាយស្រួល មិនងាយស្រួល និងពិបាកក្នុងការចុះបញ្ជី។ បន្ថែមពីនោះ ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋអោយមានប្រសិទ្ធិខ្ពស់។ទន្ទឹមនឹងនេះឯកឧត្តមក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងត្រូវខិតខំចុះបញ្ជីដីរដ្ឋ ឱ្យអស់ក្នុងខេត្តប៉ៃលិន នៅឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ចាក់ថា៖មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន ដែលត្រូវ ធ្វើបញ្ជីសាពើភណ្ឌ សរុបមានចំនួន៤៤ អង្គភាព និងមានដីសរុបចំនួន១៧៨ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន១២៦ ទីតាំង ស្មើរនឹង៧០.៧៩% និងដីដែលគ្មានកម្មសិទ្ធិមានចំនួន ៥២ ទីតាំង ស្មើរនឹង២៩.២១%៕