ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានឧបត្ថម្ភសម្លៀកបំពាក់ ដល់ប្រជាការពារភូមិចំនួន ៤៨ កំប្លេ ជូនដល់ប្រជាការពារភូមិចំនួន ៤៨នាក់ មកពីភូមិនានា នៅទូទាំងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីចែកសំលៀកបំពាក់ប្រជាការពារភូមិនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គោស៊ុម ប៊ុនសឿត និងឯកឧត្តម រស់ នឿន អភិបាលរងខេត្តប៉ៃលិន លោកស្រី ទុន ស៊ីមែន ចៅសង្កាត់ទួលល្វា ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាមួយចំនួនទៀត។
ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍ថា ការឧបត្ថម្ភសម្លៀកបំពាក់ដល់ប្រជាការពារភូមិនាពេលនេះគឺដើម្បីចូលរួមជាមួយរដ្ឋបាលសង្កាត់ទួលល្វាក៏ដូចជារដ្ឋបាលខេត្តប៉ៃលិន ក្នុងការលើកទឹកចិត្តដល់ប្រជាការពារភូមិទាំងអស់ , ជំរុញអោយមានការចូលរួមឲ្យបានសកម្មថែមទៀតក្នុងការថែរក្សាសន្តិសុខសម្រាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅពេលខាងមុខនេះ ឯកឧត្តមនឹងរៀបចំឲ្យមាន អាយកូមសម្រាប់ ចែកជូនដល់ប្រជាការពារភូមិទាំងអស់ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងធ្វើការងារឲ្យមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម ហុក សុផល ដែលបានផ្ដល់សម្លៀកបំពាក់ដល់ប្រជាការពារភូមិនាឱកាសនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ប្រជាការពារភូមិគឺជាអ្នកស្ម័គ្រចិត្តក្នុងការចូលរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងាររៀបចំ និងការពារសន្តិសុខ សណ្តាប់ធ្នាប់នៅនឹងមូលដ្ឋាន តាមការណែនាំរបស់លោកមេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋបាលឃុំ-សង្កាត់។ ការងាររបស់ប្រជាការពារភូមិ គឺជាការងារដោយស្ម័គ្រចិត្ត មិនមានប្រាក់បៀវត្សនោះឡើយ។ ដូច្នេះការឧបត្ថម្ភជាសំលៀកបំពាក់ ឯកសណ្ឋានដល់ប្រជាការពារភូមិ គឺជាការងារអាទិភាពចម្បងដែលផ្ដល់នូវកម្លាំងចិត្ត និងសិទ្ធិអំណាចមូលដ្ឋានដល់ប្រជាការពារភូមិទាំងអស់។ ឯកឧត្តមក៏បានណែនាំដល់ប្រជាការពារភូមិទាំងអស់ត្រូវខិតខំអនុវត្តការងារ ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងបានត្រឹមត្រូវតាមការណែនាំរបស់ថ្នាក់លើរបស់ខ្លួន ជៀសវាងធ្វើខុសតួនាទី ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ៕