ការញ៉ាំនំខេក នំធុង និងនំដំឡូងបារាំងច្រើនពេក មិនគ្រាន់តែធ្វើឱ្យអ្នកធាត់ប៉ុណ្ណោះទេ។
អ្នកស្រាវជ្រាវប្រេស៊ីលអះអាងថា ការទទួលទានរបបអាហារកែច្នៃជ្រុលបែបនេះច្រើនពេកក៏អាចនាំឱ្យកើតជំងឺវង្វេងផងដែរ។
ការសិក្សារបស់ពួកគេលើមនុស្សជាង ១០.០០០ នាក់បានពិនិត្យមើលពីរបៀបដែលការទទួលទានអាហារសម្រន់មិនល្អដល់សុខភាពបែបនេះច្រើនពេកប៉ះពាល់ដល់ថាមពលខួរក្បាលរបស់ពួកគេ។
មនុស្សវ័យកណ្តាល ដែលទទួលទានអាហារកែច្នៃខ្លាំងបំផុតទាំងនេះ បានឃើញខួរក្បាលរបស់ពួកគេចុះខ្សោយ ២៨ ភាគរយលឿនជាងអ្នកដែលញ៉ាំនំបែបនេះតិចបំផុត។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា សារធាតុគីមីឈ្មោះ Cytokines ជាប្រូតេអ៊ីនរលាកផលិតដោយរាងកាយ ដែលគេគិតថាត្រូវបានជំរុញដោយអាហារមានជាតិស្ករអាចនៅពីក្រោយអត្រាធ្លាក់ចុះសមត្ថភាពខួរក្បាលយ៉ាងលឿនមួយនេះ។ ការស្រាវជ្រាវពីមុនបានផ្សារភ្ជាប់សារធាតុគីមីនេះទៅនឹងការថយចុះការគិតរបស់មនុស្ស។
មនុស្សប្រហែល ៩០០.០០០ នាក់នៅចក្រភពអង់គ្លេស និង ៥,៨ លាននាក់នៅសហរដ្ឋអាម៉េរិក កំពុងរស់នៅជាមួយជំងឺវង្វេង៕