កុមារម្នាក់ទៀតបានស្លាប់ បន្ទាប់ពីត្រូវបានគេរកឃើញថាមានជំងឺ Strep A ដោយនេះជាកុមារទី៨ហើយ ដែលត្រូវបានសម្លាប់ដោយការឆ្លងបាក់តេរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ជនរងគ្រោះចុងក្រោយគឺជាសិស្សនៅសាលាបឋមសិក្សា Morelands ក្នុងទីក្រុង Waterlooville នៃតំបន់ Hampshire។
ការរាតត្បាតមេរោគបាក់តេរី Strep A បានរីករាលដាលពាសពេញចក្រភពអង់គ្លេស នាប៉ុន្មានខែថ្មីៗនេះ ខណៈការិយាល័យនាយករដ្ឋមន្ត្រី បានព្រមានឪពុកម្តាយឲ្យតាមដានរោគសញ្ញា។
លោក Simon Bryant ប្រធានផ្នែកសុខភាពសាធារណៈនៅក្រុមប្រឹក្សាតំបន់ Hampshire បាននិយាយថា អាជ្ញាធរកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយ និងអ្នកថែទាំអំពីសញ្ញានិងរោគសញ្ញានៃការឆ្លងមេរោគ Strep A។
និយាយអំពីការកើនឡើងនៃករណីថ្មីៗ អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “យើងកំពុងមើលឃើញចំនួនករណីមេរោគ Strep A កើនឡើងក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងធម្មតា។ មេរោគនេះ អាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែក្នុងករណីកម្រ វាអាចចូលទៅក្នុងចរន្តឈាម ហើយបង្កឲ្យមានជំងឺធ្ងន់ធ្ងរ”។
ជាធម្មតា ការឆ្លងមេរោគនេះ បណ្តាលឲ្យឈឺបំពង់ក គ្រុនក្តៅ ឬឡើងកន្ទួល
លើស្បែក ហើយឆ្លងតាមរយៈការប៉ះរាងកាយ ឬតាមរយៈដំណក់ទឹកពីការកណ្តាស់ ឬក្អក។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបាននិយាយថា វាជារឿងសំខាន់ណាស់ ដែលព័ត៌មានច្បាស់ការណ៍ ត្រូវបានចែករំលែកជាមួយសហគមន៍សាលារៀននៅតំបន់ Hampshire៕