ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តប៉ៃលិន ប្រារព្ធពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៣វិច្ឆិកា ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទ នៅសាលាបឋមសិក្សាបរយ៉ាខា សង្កាត់បរយ៉ាខា ស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោក ស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋានអង្គការជាដៃគូអភិវឌ្ឍន៍ លោកគ្រូ-អ្នកគ្រូ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
លោក សោ សុវណ្ណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឪកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកអភិបាលរងបានមានប្រសាសន៍បន្តថា៖ កន្លងទៅការប្រារព្ធទិវានេះឡើងមានគោលបំណងដើម្បីដាស់តឿនដល់បង ប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ/សង្កាត់ ត្រូវមានការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងសំអាតអនាម័យ ទាំងនៅតាមទីធ្លាសាធារណៈ លំនៅដ្ឋាន និងខាងក្នុងលំនៅដ្ឋានត្រូវបំផុសស្មារតី ដោយផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។ ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានខិតខំស្វែងរកកិច្ចសហការ និងការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយអប់រំជំរុញដល់ប្រជាជនតាមសហគមន៍ឱ្យផ្លាស់ប្តូរទម្លាប់មកប្រតិបត្តិអនាម័យល្អឱ្យបានខ្ចាប់ខ្ជួន និងល្អប្រសើរផងដែរ។
ក្នុងឪកាសនោះលោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នៅអនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប្រចាំថ្ងៃ និងការបន្ទោបង់ក្នុងបង្គន់អនាម័យ ជាកត្តាចាំបាច់សម្រាប់មនុស្សគ្រប់រូបដើម្បីសុខភាពល្អជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។
បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹងថា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពី វិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ៖-ដំណាក់កាលទី១ ពីឆ្នាំ២០១៤-២០១៨ កំណត់អោយបាន៦០%។ -ដំណាក់កាលទី១ ពីឆ្នាំ២០១៩-២០២៣ កំណត់អោយបាន៩០%។ដោយឡែកអត្រាការប្រើប្រាស់បង្គន់អនាម័យកែលម្អរសម្រេចបាន ៨២.៣ % (បើធៀបនឹងឆ្នាំ២០២១ គឺកើនឡើងបាន ចំនួន ៩៤៨ ខ្នងផ្ទះ ស្មើនឹង ៤ % )៕