រសៀលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តប៉ៃលិន បានបើកមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្ត លើកទី៣ ឆ្នាំ២០២២ ដែលពិធី នេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត និង ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជីវករម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សរុបចំនួន១១កន្លែង នៅក្នុងខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងការប្រលងប្រណាំងដណ្ដាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្ត លើកទី៣នេះ។
លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំបើកមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្តនេពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម្យ៉ាងទៀត គឺដើម្បីរំលឹកដល់គុណនុបការៈ ដ៏សំបូរបែបរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ព្រមទាំងលើកកម្ពស់ នៃការបណ្តុះស្មារតីកូនខ្មែរគ្រប់រូប ឱ្យចូលរួមគ្រប់សកម្មភាពថែរក្សា ការពារមរតកវប្បធម៌អរូបី ឱ្យបានគង់វង្ស រុងរឿង ដើម្បីជាប្រយោជន៍ជាតិយើងជារៀងរហូត។ លោកបានមានប្រសាសន៍បន្តថា មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្តនេពេលនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យជ្រើសរើសយកបេក្ខជន-បេក្ខនារីដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ខាងសិល្បៈដណ្តាំស្ល ម្ហូបអាហារ ដើម្បីចូលរួមក្នុងមហោស្រព ដែលមានមុខម្ហូបដូចជា៖ ១- សម្លកកូរខ្មែរ ២- ម្ហូបពិសេសប្រចាំហាង ៣- បង្អែមសង់ខ្យាល្ពៅ។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបាន ស្រីមុំអភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កម្មវិធីមហោស្រពសិល្បៈដណ្តាំស្ល ម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី៣ ឆ្នាំ២០២២នេះ ធ្វើឡើងដើម្បីឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលថែរក្សាការពារប្រភេទមុខម្ហូប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យ ដែលកើតចេញពីការខិតខំប្រឹងប្រែងឆ្នៃប្រឌិតប្រកបដោយបញ្ញាញាណ សម្រាប់ទទួលទាន ដើម្បីសុខភាព។ មិនតែប៉ុណ្ណោះ គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ជាមត៌កប្រកបដោយសក្តានុពល ក្នុងការរួមចំណែក អភិវឌ្ឍន៍សង្គម និងជាមូលដ្ឋានគ្រឹះ ក្នងការផ្សារភ្ជាប់ទំនាក់ទំនង ដ៏រឹងមាំពីសង្គមមួយ ទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ឱ្យចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើង។ លោក ម៉ើង លីដា ក៏បានមានប្រសាសន៍ជំរុញអោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈត្រូវពង្រឹងពង្រីក លើកកំពស់ និងបំផុសការចូលរួមបង្កើតកម្មវិធីសិល្បៈវប្បធម៌ថ្មីៗ បន្ថែមទៀត ធ្វើឱ្យទំនើបកម្ម ទាន់សម័យ សកលភាវូបនីយកម្ម ក្នុងគោលបំណងចូលរួមពីប្រជាជន មហាជន ជាពិសេសយុវជនសម័យថ្មី ដើម្បីជម្រុញការអភិវឌ្ឍន៍វប្បធម៌ជាតិឱ្យមានការរីកចំរើន ឈានទៅរកការលុបបំបាត់សកម្មភាពវប្បធម៌ពាលាអាវាសែពីក្នុងសង្គមជាតិ។
ជាលទ្ធផលក្រោយពីការចំអិនម្ហូប និងត្រួតពិនិត្យ ភ្លក្សរស់ជាតិដោយគណកម្មាការចំនួន៣រូប មកពីមន្ទីរកិច្ចការនារី មន្ទីរទេសចរ និងមន្ទីរសង្គមកិច្ច យើងទទួលបាន ចំណាត់ថ្នាក់លេខ១ បានទៅលើអាហារដ្ឋានដងស្ទឹងបយ៉ាខា លើផ្នែកសម្លកកូរ, បានទៅលើអាហារដ្ឋានម្លប់សាវម៉ាវ លើផ្នែកបង្អែមល្ពៅសង់ខ្យា ,និងបានទៅលើអាហារដ្ឋានរតនាស្ទឹងតារាប លើផ្នែកម្ហូបប្រចាំហាង។ ចំណាត់ថ្នាក់លេខ២ បានទៅលើ អាហារដ្ឋានជំនោរភ្នំខៀវ លើផ្នែកសម្លកកូរ, បានទៅលើអាហារដ្ឋាន ម៉ាក់ថាវរីម៉ាត់ស្ទឹង លើផ្នែកបង្អែមសង់ខ្យា និងបានទៅលើអាហារដ្ឋាន ត្បូងបរប៉ៃលិន លើផ្នែក ម្ហូបប្រចាំហាង។ ចំណាត់ថ្នាក់លេខ៣ បានទៅលើអាហារដ្ឋាន ហុងលី លើផ្នែកសម្លកកូរ , បានទៅលើអាហារដ្ឋាន លាភ ហេង លើផ្នែកបង្អែមសង់ខ្យា, បានទៅលើអាហារដ្ឋាន កែវ សុខា លើផ្នែកម្ហូបប្រចាំហាង។ ចំណាត់ថ្នាក់លេខ៤ បានទៅលើអាហារដ្ឋាន ជុំមិត្តប៉ៃលិន ផ្នែកម្ហូបប្រចាំហាង, និងអាហារដ្ឋាន សម្រស់ភ្នំយ៉ាត លើផ្នែកសម្លកកូរ៕