រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកំពូលកម្ពុជា ដែលអ្នកចាំទីទាំងសងខាងក្នុងជម្រើស១១នាក់ដំបូងទទួលការពិន័យកាតក្រហមដូចគ្នា ក្នុងជំនួបដ៏តានតឹង រវាងក្លិបបាល់ទាត់ វិសាខា ជាមួយ បឹងកេត នាកីឡដ្ឋានព្រីនស៍។
ការប្រកួតដ៏ជក់ចិត្តមួយនេះ ក្លិបបាល់ទាត់ វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បន្តរឈរក្នុងតំណែងកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដោយគិតត្រឹម សប្តាហ៍ទី២៥ បន្ទាប់ពីយកឈ្នះ បឹងកេត ក្នុងលទ្ធផល ៥-៣ នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា។
ក្នុងនោះអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ បឹងកេត ទទួលបានកាតក្រហម នៅនាទីទី១៤ បន្ទាប់ពីបង្កកំហុសដោយចាប់ទាញកីឡាកររបស់វិសាខា ក្នុងតំបន់គ្រោះថ្នាក់ ខណ:អ្នកចាំទី កែវ សុខសិលា របស់ វិសាខា វិញ ក៏ទទួលបានកាតក្រហមដូចគ្នា នៅនាទីទី២២ បន្ទាប់ពីបង្កកំហុសលើកីឡាករ ម៉ាត់ ណូរុន។
ជាមួយគ្នានេះដែរ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor បានរងបរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Smart RSN ហើយនេះ គឺជាការចាញ់៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីកាន់កាប់តំណែងកំពូលតារាងលីគកំពូលកម្ពុជា អស់រយ:ពេល២៧០ថ្ងៃ ។
ដូច្នេះគិតត្រឹមសប្ដាហ៍ទី២៥ យើងមើលឃើញថា វិសាខា ស្ថិតនៅកំពូលតារាង មាន ៤៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន និងព្រះខ័នស្វាយរៀង មាន ៤៦ពិន្ទុ ដូចគ្នា ខណៈបឹងកេត ស្ថិតនៅលេខ៤ មានត្រឹម៣៩ពិន្ទុ ប៉ុណ្ណោះ ៕