ប៉ៃលិន៖ មានប្រសាសន៍បែបនេះនៅមន្ទីរសេដ្ចកិច្ច និងហិរញ្ញវត្តខេត្ត ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទូទាំងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ តាមប្រកាសលេខ០៨៩ ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ០៣០ ស្តីពី ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារ ចេញឱ្យអនុវត្តកន្លងទៅនេះ ក្នុងគោលដៅចម្បងពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានគុណភាព ឈានទៅរកការប្រមូលចំណូលជូនជាតិបានកាន់តែប្រសើរ និងស្របតាមផែនការដែលបានគ្រោងទុក។ លោកអភិបាលរងបានមានប្រសាសន៍បន្តថា៖ ជាក់ស្តែងប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ធានាសមធម៌និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកដាក់បញ្ចាំ និងអ្នកទទួលបង្កើតឱ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឆាប់រហ័សដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគារ រួមចំណែកទប់ស្កាត់ផលប៉ះពាល់ក្នុងវិស័យបញ្ចាំ ដើម្បីធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ក្នុងឳកាសនោះលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញដល់ម្ចាស់អាជីវកម្មទាំងអស់ មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ និងច្បាប់នានាដែលក្រសួងបានដាក់ចេញមួយចំនួនមុនធ្វើការសម្រេចចិត្តទទួលបញ្ចាំ និងទិញ-លក់លំនៅឋាន-ដីឡូត៍ ពីអតិជន ប្រកបដោយសុវត្ថិភាព ព្រមទាំងអាចជៀសវាងហានិភ័យជាយថាហេតុដែល បង្កឡើងដោយជនខិលខូចផងដែរ។
សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនមានហាងបញ្ចាំចំនួន ២៦កន្លែង មានច្បាប់អជ្ញាបត្រចេញពីក្រសួង ២កន្លែង និងខេត្ត ២កន្លែង អត់ច្បាប់ ២២កន្លែង និងអចលទ្រព្យចំនួន ៦១កន្លែង អត់ច្បាប់ ០១កន្លែងយោងតាមស្ថិតិក្រុងស្រុក៕