ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន សីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញនាំយកបង្គោលភ្លើងសូឡា ដែលជាជំនួយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ព្រមទាំងសប្បុរសជនមួយចំនួនទៀត មកដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈ ចំនួន២ខ្សែ នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កំណាត់ផ្លូវទាំងពីរខ្សែនេះរួមមាន៖ ទី១:ផ្លូវចូលសាលាបឋមសិក្សាអូរតាពុក និងទី២: ផ្លូវចូលវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្តប៉ៃលិន ដែលមាន បង្គោលភ្លើងសូឡា សរុបទាំងអស់ចំនួន ៦០បង្គោល។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តប៉ៃលិន ក្នុងការកែលម្អសោភ័ណភាពរបស់ខេត្ត ក៏ដូចជាសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បង្គោលភ្លើងសូឡាទាំងអស់មានចំនួន ៦០ បង្គោល ដែលមានតម្លៃសរុបចំនួន ៧,២០០ដុល្លា ដែលជាជំនួយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា និងជាជំនួយរបស់សប្បុរសជនក្នុងខេត្តប៉ៃលិនមួយចំនួនទៀត។ ជាជំហានទីមួយ យើងត្រូវដាក់នៅលើ កំណាត់ផ្លូវទៅកាន់សាលាបឋមសិក្សាអូរតាពុក និង កំណាត់ផ្លូវទៅកាន់វិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្ដែងការថ្លែងអំណរគុណចំពោះសប្បុរសជាជនទាំងអស់ ដែលបានជួយឧបត្ថម្ភជាបង្គោលភ្លើង សូឡាសម្រាប់បំភ្លឺផ្លូវ នៅក្នុងភូមិអូរតាពុកក្រោម ដែល នេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា, ជាស្មារតីមួយ ក្នុងការជួយដល់ការអភិវឌ្ឍខេត្ត ក្រុង របស់យើងឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត៕ ដោយ៖ វួច ពឿន