នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តប៉ៃលិន មានការប្រជុំដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៣ក្រោមអធិបតីភាពលោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នឹងមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលរងក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ លោកមេឃុំ/ចៅសង្កាត់ ម្ចាស់ផ្សារ និងអាជីវករអ្នក ដេញថ្លៃជាច្រើននាក់ទៀតផងដែរ។
លោក ឃឹម សួរ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ការកំណត់តម្លៃភាស៊ីផ្សារនៅ ទូទាំងខេត្តប៉ៃលិនសម្រាប់ឆ្នាំ២០២៣នេះ មាន៖ ទី១/តូបលក់ទំនិញគ្រប់ប្រភេទ ក្នុង១តូបតម្លៃ៥០០រៀល ក្នុងមួយថ្ងៃ ។ ទី២/រានលក់ទំនិញគ្រប់ប្រភេទ ១រានតម្លៃ៥០០រៀល ក្នុងមួយថ្ងៃ ។ ទី៣/ ផ្ញើកង់គ្រប់ប្រភេទ ១គ្រឿង តម្លៃ២០០រៀលក្នុងមួយលើក។ ទី៤/ផ្ញើម៉ូតូ គ្រប់ប្រភេទ ១គ្រឿង តម្លៃ៥០០រៀល ក្នុង១លើក។ ទី៥/ម្ចាស់ឆ័ត្រ ១កន្លែង តម្លៃ៣០០រៀល ក្នុងមួយថ្ងៃ។ ទី៦/រថយន្ត ផ្ទេរទំនិញក្នុងផ្សារ ១គ្រឿង តម្លៃ១០០០រៀល ១លើក។ ទី៧/ ផ្ញើរថយន្តគ្រប់ប្រភេទ ១គ្រឿងតម្លៃ១០០០រៀល ក្នុង១លើក។ ទី៨/ តូប ឬរានដែលមានទំហំធំជាង៤ ម៉ែត្រការ៉េ ថែម ១ម៉ែត្រការ៉េ ១០០រៀលក្នុងមួយថ្ងៃ។
លោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សាគ្នារវាង គណៈកម្មាធិការផ្សារទាំង៤ ក្នុងខេត្តប៉ៃលិន នឹងអ្នកដេញថ្លៃ ភាស៊ី ផ្សារ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីធ្វើការដេញថ្លៃភាស៊ីផ្សារឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់របស់រដ្ឋ សំដៅការរកចំណូលជូនរដ្ឋ ក៏ដូចជាការបំរើសេវាកម្មទីផ្សារជូនប្រជាពលរដ្ឋ – អាជីវករ ឱ្យបានសមស្រប មិនឱ្យមានការកេងប្រវ័ញ្ច គាបសង្កត់នោះឡើយ។ លោកបានមានប្រសាសន៍បន្តថា ទាំងម្ចាស់ផ្សារ និងអ្នកដេញថ្លៃភាស៊ី ក៏ត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអង្គភាពជំនាញ និងត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យាភាស៊ីផ្សារដែលបានដេញថ្លៃរួចមកនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ អ្នកដេញថ្លៃភាស៊ីផ្សារទាំងអស់ ត្រូវសហការជាមួយម្ចាស់ផ្សារ និងក្រុមអាជីវករទាំងអស់ រក្សាអនាម័យ និងកែលម្អសោភ័ណភាព ផ្សារឱ្យបានស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញ ប្រើប្រាស់សេវាកម្មរបស់ ខ្លួន។
បើតាមការបញ្ជាក់ពីលោកប៉ូច សាអ៊ែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានឱ្យដឹងថា៖ ទូទាំងខេត្តប៉ៃលិនមានផ្សារចំនួន០៤ គឺផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ផ្សារព្រំថ្មី ផ្សារប៉ាងរលឹម និងផ្សារសាលាក្រៅ ។ក្នុងនោះ ឆ្លងតាមការដេញថ្លៃ រយៈពេលពេញមួយព្រឹករួចមក ជាលទ្ធផល គឺរស់ លីអូន ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារសាមគ្គី , លោកសៅ សាបុណ្យ បានទទួលសិទ្ធិគ្រប់គ្រង យកភាស៊ីលើផ្សាព្រំថ្មី,លោកជាង នីសា បានទទួលសិទ្ធិគ្រប់គ្រង យកភាស៊ីនៅផ្សារប៉ារលឹម, និងលោកគីម ភក្តិ បានទទួលសិទ្ធិគ្រប់គ្រង យកភាស៊ីនៅផ្សារសាលាក្រៅ ៕