រាជធានីភ្នំពេញ ៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿង និងមេដាយប្រាក់១គ្រឿងពីការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ នៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ។
សម្រាប់មេដាយមាសទី១ របស់កម្ពុជា គឺដណ្ដើមបានដោយកីឡាករ អ៊ុក ដួងខែ លើវិញ្ញាសាវាយយកពិន្ទុយុវជន បន្ទាប់ពីប្រកួតឈ្នះកីឡាករវៀតណាម Tran Hoang Phuc ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ៥០-៤៥ពិន្ទុ ។ រីឯមេដាយមាសទី២ របស់កម្ពុជា ដណ្ដើមបានដោយកីឡាករ ថោង ឈឿន លើវិញ្ញាសាវាយយកពិន្ទុបុរស ក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះថៃ Sarawut Srisoonpeng ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៥៧-៥៣ពិន្ទុ ។
ចំណែកកីឡាការិនី អ៊ុន ស្រីយ៉ា ទទួលបានត្រឹមមេដាយប្រាក់លើវិញ្ញាវាយយកពិន្ទុផ្នែកនារី
បន្ទាប់ពីប្រកួតចាញ់កីឡាការិនីវៀតណាម Thach Thianglan ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២៦-១៥ពិន្ទុ ។
គួរឱ្យដឹងផងដែរថា បេសកកម្មខាងលើ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន២៧នាក់ចូលរួមប្រកួត ខណៈព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកអាស៊ី លើកទី៤ ដែលថៃធ្វើម្ចាស់ផ្ទះនេះ ធ្វើឡើងចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ដោយមានបណ្ដាប្រទេសក្នុងទ្វីបអាស៊ីជាច្រើនចូលរួមប្រកួតប្រជែង ៕