អភិបាលរងខេត្តប៉ៃលិន បានក្រើនរំលឹកទៅដល់យុវជនទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវបទពិសោធន៍ និងចំណេះដឹងនានា ដែលយុវជនបានឆ្លងកាត់ ក្នុងការបោះជំរុំ នៅខេត្តប៉ៃលិន ដើម្បីយកទៅអនុវត្តន៍នៅសង្គម ក្នុងការចូលរួមកសាងប្រទេសជាតិយើងឲ្យមានរីកចម្រើនជាបន្តបន្ទាប់។ ទាំងនេះគឺជាការលើកឡើងរបស់លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បានស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន នៅក្នុងពិធីបិទការបោះជំរុំយុវជនគ្រឹស្ទបរិស័ទដែលបានចូលរួមមកពីបណ្តារាជធានីខេត្តចំនួន ៥ រួមមាន៖ រាជធានីភ្នំភ្នំពេញ ខេត្តកំពង់ចាម ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលជាការបោះជំរុំលើកទី១ ក្រោមប្រធានបទ «យុវជន ជាត្បូងដ៏មានតម្លៃ» ក្នុងនោះក៏មានអញ្ជើញចូលរួមជាគណះអធិបតីផងដែរពី ឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅសួនក្តីស្រឡាញ់ ខេត្តប៉ៃលិន។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៏ថ្លែងថា៖ បច្ចុប្បន្នយុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ និងសង្គមគ្រួសារមិនអាចខ្វះបាន ដូចនេះហើយក្នុងនាមប្អូនៗជាអ្នកបន្តវេននៃប្រទេសជាតិយើងនាថ្ងៃអនាគតខាងមុខត្រូវខិតខំរៀនសូត្រអោយបានច្រើន ហើយត្រូវចេះរៀនអភិវឌ្ឍន៏ដោយខ្លួនឯង។ ដូចជាពេលនេះការបោះជំរុំនៅខេត្តប៉ៃលិននាឱកាសគឺជាការបង្រៀនប្អូនៗចេះរៀនទទួលខុសត្រូវ មានភាពក្លាហាន និងទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដែលមិនធ្លាប់ស្គាល់គ្នាក៏ដោយ តែវាបង្ហាញពីការចូលរួមសាមគ្គីគ្នាគួរអោយមោទនៈ។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យរួមជាមួយហ្នឹងភាពទាក់ទាញដ៏ស្រស់ត្រកាលជុំវិញខេត្ត ជាពិសេសវិស័យទេសចរណ៍នៅក្នុងទឹកដីខេត្តប៉ៃលិនយើងសម្បូរបែបលក្ខណះធម្មជាតិច្រើន មានដូចជាទឹកធ្លាក់ ទឹកអូរ និងរមណីយដ្ឋានលំហែកំសាន្តនៅតាមជើងភ្នំជាច្រើន។ ដូចជាការបោះជំរុំគ្រឹស្ទបរិស័ទនៅសួននៃក្តីស្រឡាញ់ នៅខេត្តប៉ៃលិននាពេលនេះ គឺបានបង្ហាញអោយឃើញថាយុវជនទាំងអស់ស្រលាញ់នូវធម្មជាតិទឹកដីខេត្តប៉ៃលិនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានលើកឡើងថា៖ ការបោះជំរុំមានគោលបំណង អប់រំយុវជនឲ្យរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នា រៀនរស់នៅជាមួយធម្មជាតិ និងបង្កើតវឌ្ឍនភាពពីក្រុមតូចទៅជាក្រុមធំ ពីខេត្តមួយទៅខេត្តមួយ ចេះរស់នៅឆ្ងាយពីឪពុកម្តាយ យល់ពីតម្លៃ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ បង្កើនភាពជឿជាក់ដោយខ្លួនឯង និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំ ក្លាយខ្លួនជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព ក្នុងការកសាងជាតិ នាពេលបច្ចុប្បន្នក៏ដូចជាអនាគត។ ម្យ៉ាងវិញទៀតដើម្បីជាយន្តការលើកកម្ពស់អនុវត្តចលនាទាំង៣ចំណុច ឲ្យមានប្រសិទ្ធភាព និងជាឱកាសឲ្យយុវជនរៀនធ្វើការងារជាក្រុម ក្នុងការហ្វឹកហាត់អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ដើម្បីបង្កើនស្មារតីទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន។
ឯកឧត្តម សៀ សុភ័ក្ត្រ ក៏បានផ្ដាំផ្ញើរទៅដល់យុវជន យុវនារី ដែលជាយុវជនទាំងអស់ដែលបានចូលរួមបោះជំរុំក្រោមប្រធាបទ (យុវជនជាត្បូងដ៏មានតម្លៃ) នៅខេត្តប៉ៃលិនទាំងអស់ ត្រូវតែខិតខំរៀនសូត្រឲ្យពូកែ និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិនាពេលអនាគត ហើយមានព្រះយេស៊ូគ្រឹស្ទជាបីតាតាមថែរក្សាគ្រប់ពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ការបោះជំរុំយុវជនគ្រីស្ទបរិស័ទមកពីបណ្តា ៥រាជធានី-ខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាមខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តប៉ៃលិន ដោយមានការចូលរួមពីយុវជន-យុវនារីចូលរួមបោះតង់ប្រមាណ ២២០នាក់ នៅសួននៃក្តីស្រលាញ់ខេត្តប៉ៃលិន មានរយះពេល ០២ថ្ងៃ គិតចាប់ពីថ្ងៃទី ០៨-០៩ វិច្ឆិកា ២០២២ ៕