ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ១០៧៩គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដូចជា៖ គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឲ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកជំទាវអភិបាលខេត្ត បានប្រសាសន៍លើកឡើងថា៖ បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដូច្នេះលោកជំទាវសូមថ្លែងការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈម សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់នោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេង និងកូនចៅតូចៗជាសវាងលង់ទឹកជាយថហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ភូមិចំនួន ៣ភូមិ គឺភូមិព្រៃសន្ទះ, ភូមិផ្ទះស្បូវ និងភូមិកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១០៧៩គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ ០១ដុំ ទឹកបរិសុទ្ធវីតាល់ ០១កេស មី ០១កេស ប្រហុក ១កំប៉ុង ម៉ាស ០១ប្រអប់ ឃីដ ១ (មុង ១, ខ្នើយ ១, សារ៉ុង ១, ក្រម៉ា ១, ភួយ ១) និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕