ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ANGKOR WILDLIFE & AQUARIUM អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអាសយដ្ឋាននៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់បើកដំណើរការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះហើយ។
អាងពិព័រណ៍ត្រីនេះ មានទំហំប្រមាណជាង ១ ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និង ត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និង មួយចំនួននាំចូលមកពីបរទេស។ ក្នុងដំណាក់កាលទី ១ មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និង ក្រពើភ្នំ…។ល។
ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាន ទីតាំងខាងលើក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និង ភេសជ្ជៈ និង ហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ក្នុងនោះបន្ទាប់ពីបើកដំណើរការដំណាក់កាលទី ១ ក្រុមការងារនឹងបន្តសាងសង់ដំណាក់កាលទី ២ និង ដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ ហិចតា៕