ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ក្រោមអធិបតីភាពលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ និងលោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន។ សិក្ខាសាលានេះបានធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ដែលមានសិក្ខាកាមជាក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំងនគរបាលស្រុក លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស សរុបចំនួន ៧៥នាក់។
លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានមានប្រសាសន៍ថា គោលបំណងនៃការធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នាពេលនេះ គឺដើម្បីឲ្យក្រុមប្រឹក្សាឃុំ លោកមេភូមិ ក៏ដូចជាសិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បានយល់ដឹងអំពីច្បាប់ស្ដីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិយើង និងចូលរួមសហការក្នុងការផ្ដល់ដំណឹងដល់មន្ត្រីជំនាញ និង ការពារទប់ស្កាត់អំពើចោរកម្ម ការបំភ្លេចបំផ្លាញ លើសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជាតិ មាតុភូមិរបស់យើង។ ទាំងនេះគឺដោយសារតែនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងភូមិសាស្ត្រ ភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង មានស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយឈ្មោះថា ស្ថានីយបុរេប្រវត្តិសាស្ត្រ បឹងក្ងោក ដែលមានអាយុកាល ២០០០ ឆ្នាំមកហើយ។
លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅបានមានប្រសាសន៍ថា បេតិកភណ្ឌវប្បធម៌ គឺជាទ្រព្យសម្បត្តិ ឬជាកេរ្តិមរតក ដែលបានបន្សល់ទុកតាំងពីបរមបុរាណងតរៀងមក។ សម្បត្តិបេតិកភណ្ឌវប្បធម៌នេះ គឺមានតម្លៃថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយសម្រាប់ប្រទេសជាតិរបស់យើង រហូតដល់បុព្វបុរសយើងបានចែងពាក្យស្លោកមកថាៈ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន។ លោកបានមានប្រសាសន៍បន្តថា សម្បត្តិវប្បធម៌ជាតិចែកចេញជាពីរ គឺសម្បត្តិវប្បធម៌រូបីយ៍ និងសម្បត្តិវប្បធម៌អរូបីយ៍។ សម្បត្តិវប្បធម៌រូបិយ៍មួយចំនួន ត្រូវបានបញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទី១ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលនៅក្នុងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២, ទី២ ប្រាសាទព្រះវិហារបានបញ្ចូលនៅក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨, និងទី៣ ប្រាសាទសំបូរព្រៃគុប បានបញ្ចូលនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ មានសម្បត្តិវប្បធម៌អរូបីយ៍មួយចំនួនទៀត ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទី១ របាំព្រះរាជទ្រព្យ បញ្ចូលនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ទី២ ល្ខោនស្បែកធំ បញ្ចូលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤, ទី៣ រឿងរាមកេរ បញ្ចូលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤, ទី៥ ល្បែងទាញព្រ័ត្រ បញ្ចូលនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥, ទី៥ ចាប៉ីដងវែង បញ្ចូលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦, ទី៦ ល្ខោនខោល បញ្ចូលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានមានប្រសាសន៍បន្តថា កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ មានក្រុមចោលលួច ជីក គាស់កកាយ យកក្បាលអ្នកតា ឆ្លងទៅលក់នៅក្នុងប្រទេសថៃ ធ្វើឲ្យបាត់បង់របស់របរ មានតម្លៃដែលជាតំណាងឲ្យជាតិរបស់ខ្លួន។ ហេតុនេះក្រុមការងារគណៈកម្មការបេតិកភណ្ឌបានរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវនៅប្រាសាទបុរាណនានា ដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងចងក្រងជាច្បាប់ ដាក់ជូនរដ្ឋសភាជាតិ ដើម្បីអនុម័តចេញជាច្បាប់ពេញលេញសម្រាប់ជាតិមាតុភូមិ៕