នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២២ នាឱកាសរដូវបុណ្យកឋិនមកដល់ គេសង្កេតឃើញមានការរៀបចំបុណ្យកឋិនទានសាមគ្គី ដ៏អធិកអធមមួយ ដែលដង្ហែរចូលទៅកាន់វត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ខណ:ដែលប្រជាពលរដ្ឋ ក៏ដូចជាសមាជិកសមាជិកាដ៏ច្រើនកុះករ ចំណុះជើងវត្តចំនួន៤៥វត្ត មកពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងខេត្តប៉ៃលិន ព្រមទាំងប្រជាពលរដ្ឋមកពីប្រទេសថៃ ដឹកនាំដោយលោកជំទាវ ផនសាម កាំឡាំងឯក ជនជាតិថៃ និងលោកជំទាវ ស៊ុ ហៀង ដែលប្រារព្ធធ្វើនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ព្រះតេជគុណ អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន បានមានសង្ឃដីកាថា ៖ បុណ្យកឋិនទាននេះ ធ្វើឡើងរវាងពុទ្ធបរិស័ទខ្មែរ សហការជាមួយនឹងពុទ្ធបរិស័ទថៃ ដែលនៅជាប់នឹងព្រំដែនកម្ពុជាថៃ។ ព្រះអង្គបន្តទៀតថា ដោយធ្វើតាមអ្វី ដែលព្រះពុទ្ធបានបង្រៀននៅក្នុងព្រះគម្ពីរ ឱ្យយើងម្នាក់ៗចូលរួម នាំគ្នាធ្វើបុណ្យកឋិនតៗមក គឺទ្រង់អនុញ្ញាតឱ្យភិក្ខុ ដែលបានគង់ចាំព្រះវស្សារួចហើយ ពេលចេញមកវិញ ត្រូវរៀបចំធ្វើបុណ្យកឋិន ខណ:ដែលមានរឿងទាក់ទិនទៅនឹងបុណ្យនេះ ដោយសារតែមូលហេតុមានភិក្ខុនៅក្នុងសាសនាព្រះពុទ្ធ លោកគង់នៅចាំព្រះវស្សារួចហើយ បាននាំគ្នាទៅថ្វាយបង្គំព្រះពុទ្ធ ដោយមានការលំបាកក្នុងការទុកដាក់ស្បង់ ចីវរ ត្រៃ និងសម្ភារ:ផ្សេងៗ ទើបទ្រង់ឱ្យនាំគ្នាអនុមទនាបង្កើតធ្វើបុណ្យកឋិនទាននេះឡើង គឺធ្វើ១វត្តបានតែម្តងប៉ុណ្ណោះ។ ការធ្វើបុណ្យកឋិនទាននេះ មានរយ:ពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ព្រះចៅអធិការបញ្ជាក់ថា ហើយនៅក្នុងវត្តពោធិមារាមហៅវត្តប៉ាហ៊ីនេះ ព្រះសង្ឃតែងតែធ្វើកម្មវិធីជារឿយៗ ដោយក្នុងមួយឆ្នាំធ្វើ៣ដង គឺកម្មវិធីទានព្រះវស្សា កម្មវិធីកឋិន និងកម្មវិធីការអប់រំផងដែរ។
ចំណែកប្រជាពលរដ្ឋបានឱ្យដឹងថា ៖ យើងខ្ញុំជាពុទ្ធបរិស័ទនៅខេត្តប៉ៃលិន និងពុទ្ធបរិស័ទមកពី បណ្តាខេត្តមួយចំនួន ព្រមទាំងពុទ្ធបរិស័ទមកពីប្រទេសថៃ ពិតជាសប្បាយរីករាយ ក្នុងការស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន ផ្ដើមធ្វើបុណ្យកឋិនទាន មហាសាមគ្គីនេះឡើង គឺដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តពោធិមារាមហៅវត្តប៉ាហ៊ី និងវត្តទាំង៤៥ក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវផងដែរ៕
គួរបញ្ជាក់ផងដែរថា៖ សម្រាប់អង្គកឋិនទានមហាសាមគ្គីនេះ លោកជំទាវ ផនសាម កាំឡាំងឯក ប្រទេសថៃ បានប្រគេនបច្ច័យ ៤៥វត្តដោយក្នុងមួយវត្តៗបច្ច័យចំនួន ១ម៉ឺនបាត ហើយសម្រាប់បច្ច័យអង្គកឋិនទានមហាសាមគ្គីកម្ពុជា ថៃ វត្តប៉ាហ៊ី ខេត្តប៉ៃលិនទទួលបាន ៤០លានរៀល ផងដែរ ៕