នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការចូលរួមអនុវត្តសកម្មភាពត្រួតពិនិត្យគ្រឿងញៀនក្នុងក្រុមការងារសុវត្ថិភាពទន្លេ មេគង្គស្តីពីប្រតិបត្តការត្រីកោណមាស ១៥១១/២២ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង និងលោក ហែម ឬទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងស្ថានទូតថៃ និងក្រុមការងារអមដំណើរប្រតិភូ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ នៅខេត្តប៉ៃលិនគ្មានការដាំដុះ ការផលិត និងកែឆ្នៃគឿងញៀនគីមីផ្សំសំយោកទេ ហើយក៏មិនមានបទល្មើសគ្រឿងញៀនឆ្លងដែនឡើយដោយសារស្នងការរដ្ឋាននគរបាលខេត្តបានដាក់កម្លាំងជំនាញនៅត្រួតពិនិត្យមើលរាល់សកម្មភាពអ្នកធ្វើដំណើរឆ្លងដែនចេញចូលនិងឡានដឹកទំនិញចេញចូលគ្រប់ប្រភេទ។ ជាពិសេសនៅតាមខ្សែរបន្ទាត់ព្រំដែនបានរៀបចំដាក់កម្លាំងឈរជើងនៅចំណុចសំខាន់ៗ និងឲ្យកម្លាំងនៅតាមគោលដៅនីមួយៗដើរល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន។
លោកក៏បានជម្រុញដល់ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ និងស្ថាប័នទាំងអស់ត្រូវបន្តផ្សព្វផ្សាយអប់រំអោយបានទូលំទូលាយអំពីខ្លឹមសារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជននៅតាមគ្រឹះស្ថានសិក្សានានាទាំងវិស័យរដ្ឋ និងវិស័យឯកជន។ ហើយត្រូវចូលរួមអនុវត្តដោយឆន្ទៈ និងការទទួលខុសត្រូវ ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានដែលជាផ្នែកមួយក្នុងផែនការគោលនយោបាយអនុវត្តភូមិឃុំមានសុវត្ថិភាព។ ម្យ៉ាងទៀត រាល់របាយការណ៍ប្រចាំខែផ្ញើមកអោយរដ្ឋបាលខេត្តត្រូវយកពីក្រុមការងារនៅតាមក្រុងស្រុក និងគ្រប់ស្ថាប័នអង្គភាពជុំវិញខេត្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការងបានប្រសាសន៍ថា៖ គោលបំណងប្រតិបត្តិការត្រីកោណមាស ១៥១១/២២ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តតំបន់ទន្លមេគង្គ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្រោមផែនការប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គក្នុងចំណោមប្រទេសទាំង៦ ។ សំដៅធ្វើការទប់ស្កាត់ការចរាចរគ្រឿងញៀនចេញពីតំបន់ត្រីកោណមាសចូលតាមបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងទប់ស្កាត់ការចរាចរសារធាតុគីមីចូលទៅក្នុងតំបន់ត្រីកោណមាស។ ហើយនៅក្នុងឆ្នាំ២០២២នេះ បណ្ដាប្រទេសជាសមាជិក SMCC បានយល់ព្រមលើផែនការប្រតិបត្តិការ ១៥១១/២២ ដើម្បីបំពេញនូវផែនការសម្រប សម្រួលសុវត្ថិភាពទន្លេមេគង្គស្តីពីការស្ទាក់ចាប់ និងការបង្ក្រាបគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាស។ ឧត្តមសេនីយ៍ឯកបានបន្តថា៖ ប្រទេសកម្ពុជាបានជ្រើសរើសទីតាំងចំនួន ០៨ខេត្ត ដើម្បីចូលរួមក្នុងប្រតិបត្តិនេះ គឺខេត្ត ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោសាធិ៍ ប៉ៃលិន និងកោះកុង ដែលមានរយៈ ពេល០៣ខែ (ចាប់ពីខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២២)។ ឧត្តមសេនីយ៍ឯកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលរដ្ឋបាលខេត្តប៉ៃលិនបានខិតខំប្រឹងប្រែងបានយ៉ាងល្អលើគ្រប់ វិស័យ និងវាយតម្លៃខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទោះបីជានៅក្នុងកាលៈទេសៈប្រទេសយើង និងពិភពលោកទាំងមូលបានកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ហើយខេត្តប៉ៃលិននៅតែបន្តធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការដឹកនាំអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្ត។ ឧត្តមសេនីយ៍ឯកបានជម្រុញដល់រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថខេត្ត រួមគ្នាទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនរវាងប្រទេសយើងទាំងពីរគឺប្រទេសកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយត្រូវបន្តសហការគ្នាជាមួយអាជ្ញាធរជាប់ព្រំដែនដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល០៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរ បាលខេត្តប៉ៃលិនបានបង្ក្រាបគ្រឿងញៀនទូទាំងខេត្តសរុបចំនួន ៤៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៩០នាក់ ស្រី ១៤នាក់ ក្នុងនោះករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២៥លើក មនុស្សចំនួន ៤១នាក់ ស្រី០៨នាក់ និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១៥លើកមនុស្សចំនួន ៤៧នាក់ ស្រី ០៦នាក់ និងអនុវត្តដីកាចំនួន ០២លើក មនុស្សចំនួន ០២នាក់ ស្រី ០១នាក់ ។ វត្ថុតាង និងសម្ភារៈចាប់យករួមមានៈម៉ាទឹកកកICE សរុបទម្ងន់ ៦៥៤,២៤ក្រាមថ្នាំសុទ្ធ និងអក្សរWYចំនួន ១៤០៨គ្រាប់ ទម្ងន់សរុប ១៣៤,៣៤ក្រាមថ្នាំសុទ្ធ ,រថយន្តចំនួន ០២គ្រឿង គោយន្តកន្ត្រៃចំនួន ០១គ្រឿង ម៉ូតូចំនួន ២២គ្រឿង, ទូរស័ព្ទដៃចំនួន ២៨គ្រឿង និងជញ្ជឹងចំនួន ០៥គ្រឿង លោហធាតុពណ៍លឿង(ខ្សែដៃ០២ខ្សែ),ខ្សែក០៣ខ្សែ,ចិញ្ចៀន០២វង់,ប្រាក់រៀលចំនួន១,១៨៧,០០០រៀល,ប្រាក់បាតចំនួន ២,២០០បាត,ប្រាក់ដុល្លាចំនួន ៤២០ដុល្លា,កាំភ្លើងកែច្នៃ(ខ្យល់)ចំនួន៦៣ដើម-ដាវសាំម៉ារៃចំនួន០២ដើម,សម្ភារៈជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ និងកាំបិទចំនួន០៨ដើម៕