ប៉ៃលិន៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង បានសហការជាមួយ យុវជន សសយក ខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយដកដំឡូងរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក សោរ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានចាត់អោយយើងខ្ញុំជាថ្នាក់ដឹកនាំមន្ត្រីរជការនៃរដ្ឋបាលខេត្ត ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង បានសហការជាមួយ យុវជន សសយក ខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត ចំនួនជាង ២០០នាក់ ចុះជួយដកដំឡូងរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយខ្វះកម្លាំងពលកម្ម នៅឃុំស្ទឹងត្រង់ ស្រុកសាលក្រៅ ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
លោក សៀ សុខុម តំណាងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអោយដឹងថា៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវប្រធាន នៅថ្ងៃនេះ យុវជន សសយក ខេត្ត បានប្រើកម្លាំងសរុប មធ្យោបាយសរុប មកចូលរួមជាមួយថ្នាក់ដឹកនាំមន្ត្រីរជការនៃរដ្ឋបាលខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង ក្នុងយុទ្ធនាការជួយសង្រ្គោះដល់ផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្មារតីតែមួយ គឺរួមសាមគ្គីគ្នា ជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
លោកពូ យ៉ាន់ យន់ និងភរិយា រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលជាម្ចាស់ដំឡូងមី ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្រ្តីរាជការ កងកំលាំង ក្រុមយុវជន សសយក និងក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ ដែលបានចុះមកយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសង្រ្គោះដំណាំដំឡូងមីរបស់គាត់បានទាន់ពេលវេលា។
ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានមានប្រសាសន៍លើកឡើងថា៖ ក្នុងបេសកកម្មចុះមកវាយតម្លៃពីផលប៉ះពាល់ផលដំណាំ ដែលលិចលង់ខូចខាតដោយសារជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន គឺក្នុងនាមក្រសួងកសិក រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសូមកោតសសើរចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំង និងក្រុមយុវជនទាំងអស់ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ បានចុះមកជួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលា ។
បើតាមការបញ្ជាក់របស់ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអោយដឹងថា៖ នៅឃុំស្ទឹងត្រង់ ដាំដុះដំណាំដំឡូងមី ចំនួន ៤០៦ហិកតា ក្នុងនោះរងការខូចខាតចំនួន ១០៦ហិកតា,ដំណាំពោតមានចំនួន ៣៩៧ហិកតា មិនទាន់មានរងការខូចខាតនៅឡើយទេ, ដំណាំស្រូវរងការប៉ះពាល់តិចតួច.ដំណាំរួមផ្សំ និងបន្លែបង្កា មានចំនួន ២៣ហិកតា ក្នុងនោះរងការខូចខាតចំនួន ០៧ ហិកតា៕