ប៉ៃលិន៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២២គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកជំទាវប្រធានគណៈកម្មាធិការសាខាបានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន គឺបានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង គ្រួសារសពខ្វះខាត និងចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងកំឡុងនៃការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ ដោយសារប្រទេសកម្ពុជារងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) បង្កអោយមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បណ្តាលឱ្យជំនន់ទឹកភ្លៀង បានជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ២២គ្រួសារ និងលិចលង់ផ្ទៃដីចំការមួយចំនួន ធ្វើអោយប៉ះពាល់ដល់ផលដំណាំ ហើយបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងយុវជន សសយក ខេត្ត កំពុងជួយប្រមូលផលយ៉ាងសស្រាក់សស្រាំ ដើម្បីជាសវាងការខូចខាតកាន់តែធ្ងន់ធ្ងរ បើសិនជាទឹកនៅបន្តជនលិចច្រើនថ្ងៃ ៕