ស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។ បរិមាណស្វាយទុំ ១ផ្លែទម្ងន់ ២០០ ក្រាម ផ្ដល់សារធាតុសំខាន់ៗ ដូចជា ពពួកវីតាមីនចម្រុះ ម៉ាញ៉េស្យូម កាឡូរី ២០២ ប្រូតេអ៊ីន ៣ក្រាម ខ្លាញ់ ១ក្រាម កាបូនអ៊ីដ្រាត ៥០ក្រាម ជាតិសរសៃ ៥ក្រាម និង ស្ករ ៤៥ក្រាម។ តើសារធាតុចិញ្ចឹមទាំងនោះអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ?
១.ប្រឆាំងជំងឺមហារីក
ស្វាយទុំមានអត្ថប្រយោជន៍អាចប្រឆាំងទៅនឹងជំងឺមហារីក ព្រោះសមាសធាតុ Phenolic នៅក្នុងស្វាយទុំអាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម។ នៅមានពពួកអាស៊ីតសំខាន់ៗផ្សេងៗទៀតមាន អាស៊ីត quercetin, fisetin, isoquercitrin, astragalin, gallic និង methyl gallate ពពួកអាស៊ីតទាំងនោះមានមុខងារពិសេស ជួយប្រឆាំងនឹងជំងឺមហារីក សុដន់ ពោះវៀន និងក្រពេញប្រូស្ដាតទៀតផង។
២.គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល
ស្វាយទុំក៏មានមុខងារជួយគ្រប់គ្រងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមបានល្អផងដែរ ព្រោះវីតាមីន C នៅក្នុងស្វាយទុំមានកដល់ទៅ ៤៥ក្រាម ក្នុងបរិមាណស្វាយទុំ១០០ក្រាម។ ហេតុនេះហើយ វាអាចជួយសម្រួលលដល់ចរន្ដឈាម ឲ្យដំណើរការបានស្រួលដោយកាត់បន្ថយកម្រិតកូលេស្ដេរ៉ូលអាក្រក់ចេញពីឈាម។ លើសពីនេះទៀត ការថយចុះកម្រិតកូលេស្ដេរ៉ូលក្នុងឈាម ក៏ជាផ្នែក អាចជួយកាត់បន្ថយពីជំងឺ គ្រោះថ្នាក់សរសៃឈាមខួរក្បាលបានផងដែរ។
៣.រក្សាតុល្យភាពទម្ងន់
ស្វាយទុំអាចជួយរក្សាតុល្យភាពទម្ងន់បានល្អ ព្រោះផ្លែឈើមួយប្រភេទនេះមានកម្រិតជាតិខ្លាញ់ទាប ប៉ុន្ដែមានជាតិសរសៃច្រើន ដែលជាចំណុចសំខាន់ជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារ ធ្វើការបានល្អ។
៤.ជំនួយភ្នែក
វីតាមីនចម្រុះក្នុងផ្លែស្វាយក្នុងនោះ មានវីតាមីន A ដែលជាវីតាមីនសំខាន់បំផុត ស្ថិតក្នុងតារាងរបបអាហារ ជំនួយដល់សុខភាពភ្នែក។ ការសិក្សាបានបង្ហាញថា ការញ៉ាំស្វាយទុំ បានយ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជំនួយដល់សុខភាពភ្នែកបាន ១៥% បើធៀបនឹងអ្នកមិនបានញ៉ាំ។
៥.ជំនួយសុខភាពស្បែក
វីតាមីន C នៅក្នុងស្វាយទុំក៏អាចជួយចិញ្ចឹមស្បែកឲ្យមានសុខភាពល្អ ពិសេសវាមានមុខងារសំខាន់ជួយបង្កើត ខូឡាជែន នៅក្នុងស្បែក ជួយឲ្យស្បែកមានសំណើមនិងភ្លឺថ្លា។
តើស្វាយគួរញ៉ាំនៅពេលណា និងបរិមាណប៉ុន្មាន?
យើងអាចញ៉ាំស្វាយទុំបានគ្រប់ពេលវេលា មិនថាពេលយប់ ពេលថ្ងៃ ឬ មុនពេលគេងនោះទេ ប៉ុន្ដែបរិមាណកំណត់អាចល្មម មិនច្រើនពេក ព្រោះស្វាយទុំមានកម្រិតជាតិស្ករ ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ប្រសិនជាញ៉ាំច្រើន អាចបណ្ដាលឲ្យរំខានដល់ ប្រព័ន្ធរំលាយអាហារ ដូចជា អាការៈហើមពោះ រាក ឆ្អល់ និងបណ្ដាលឲ្យកើនឡើងជាតិហ្គាសក្នុងពោះវៀនបាន ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង៕