ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកអធិការកិច្ច ស្តីពីការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋ ក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ របស់សវនកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត ត្រូវសម្របសម្រួល និង សហការរៀបចំឯកសារពាក់ព័ន្ធ ដើម្បីផ្តល់ជូនក្រុមគណៈប្រតិភូអធិការកិច្ចពិនិត្យ ដើម្បីផ្តល់នូវអនុសាសន៍ និងតម្រង់ទិសបន្ថែមទៀត នូវចំណុច ឬ របកគំហើញ ដែលខ្វះខាតមិនអនុវត្តន៍ទៅតាមលិខិតបទដ្ឋានគតិយុត្តនានា ហើយជួយតម្រង់ទិស និងបង្ហាត់បង្រៀន ។
លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ស្នើអោយគណៈប្រតិភូអធិការកិច្ចផ្តល់នូវកាលបរិច្ឆេទនៃការចុះពិនិត្យតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត ឱ្យបានដឹងមុន ដើម្បីរដ្ឋបាលខេត្តជួយសម្របសម្រួលដល់ការធ្វើអធិការកិច្ចនេះ អោយទទួលបានជោគជ័យ ហើយបញ្ហាមួយចំនួនពាក់ព័ន្ធការចុះអធិការកិច្ចនេះដែរ កន្លងមកមានការផ្តល់អនុសាសន៍ ឬការណែនាំឱ្យអនុវត្តនីតិវិធីហិរញ្ញវត្ថុខុសៗគ្នា មានដូចជា៖ អគ្គសវនកម្ម អាជ្ញាធរសវនកម្មជាតិ អគ្គាធិការ…ជាដើម ជាហេតុធ្វើឱ្យអ្នកទទួលអនុវត្តពិបាកតម្រូវក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ប្រតិភូអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នឹងចូលរួមចំណែកធ្វើការរួមគ្នាក្នុងស្មារតីការងារក្រុម និងការជ្រោងឡើងនូវគុណភាពតម្លៃរួម ប្រកបដោយបុរេសកម្ម និងសកម្មភាពក្នុងការអនុវត្តកម្មវិធីកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការកែរទម្រង់ប្រព័ន្ធថវិការជាស្នូល ។
សូមបញ្ជាក់ថា៖ ប្រតិភូអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចំនួន ៥រូប បានចុះបេសកកម្មនៅខេត្តប៉ៃលិន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋ ក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ ៕