ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងព្រះសង្ឃទាំង ២គណៈ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលលោកទាំង២ តែងតែបានគិតគូពីសុខទុក្ខនិងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជា ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺនាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងខ្ជាប់ខ្ជូន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងឲ្យកាន់តែប្រសើឡើង និងផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយជាក់ស្តែងនាពេលនេះ ក្រោយពីបញ្ចប់ពិធីបុណ្ឌកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរួចមក ថ្នាក់ដឹកនាំខេត្តគ្រាប់ជាន់ថ្នាក់ និងព្រះសង្ឃទាំង ២គណៈ បានសហការគ្នាចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈគ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកា មកឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលនេះបានបង្ហាញឲ្យឃើញពីសាមគ្គីភាព ប្រកបដោយភាពស្និទ្ធស្នាល ក្នុងនាមខ្មែរតែមួយ និងសិល្បៈនៃការចែករំលែករបស់សមរភូមិក្រោយ ផ្សារភ្ជាប់នឹងសមរភូមិមុខ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហុក សុផល បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃទាំង២គណៈ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំង ៣ប្រភេទ ដោយបានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងជួរមុខយើងជាប្រចាំ ជាពិសេសពេលមានបុណ្យទៀនធំៗម្តងៗ ដែលនេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បីកិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើផងដែរ។
សូមបញ្ជាក់ថា៖ នាឱកាសនោះផងដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងព្រះសង្ឃ ក៍បានឧបត្ថម្ភ ជូនដល់អង្គភាពកងកម្លាំងទាំង៣ប្រភេទ រួមមាន៖ អង្ករ ៤០ការ៉ុង មី ១០០កេស ត្រីខ ១៨ដុំ ទឹកផ្លែឈើ ៣០កេស ទឹកត្រីស៊ីអ៊ីវ ១១៦យួរ ទឹកបរិសុទ្ធ ៣៧៨យួរ ស្កស ទឹកដោះគោ អន្សម និងថវិកាចំនួន ៩លានរៀល ៕