ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងខេត្តប៉ៃលិន ។ ប្រជាពលរដ្ឋ, អ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិនតែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តសាស្រ្តមួយចំនួន ដែលនៅជាប់ជើងភ្នំយ៉ាត។
ដីនៅលើភ្នំនេះ គឺជាដីរ៉ែធម្មជតិ មានត្បូងពេជ្រមានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូច-ធំ, អាស្រមលោកយាយ យ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារកំពស់២១ម៉ែត្រ សំណង់ប្រាសាទ៨ទិស-ព្រះសិអាមេតី អាស្រមព្រះគោ-ព្រះកែវ ជាដើម។ នៅនឹងជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទំងន់ជាង៣៣តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរណ៍ទាំងឡាយដែលមកលែងកំសាន្តនៅក្នុងខេត្តប៉ៃលិន តែងតែចូលមកអុជធូប បួងសួងសុំសេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាតមានបារីសាកសិទ្ធ។
មានរឿងតំណាលថា ក្នុងឆ្នាំ១៩២២ មានជនអន្តោប្រវេសន៍មួយក្រុមបានមករស់នៅ ប្រកបរបរជីកត្បូង និងបរបាញ់សត្វនៅតំបន់នេះ ហើយបានកសាងអាស្រមមួយ នៅលើកំពូលភ្នំយ៉ាត។ ទីនេះជាកន្លែងសក្ការៈបូជា ដែលសាកសិទ្ធ និងជាបេះដូងរបស់ខេត្តប៉ៃលិនសព្វថ្ងៃ។ រឿងនេះបាននិយាយអំពីប្ដីប្រពន្ធមួយគូ មានឈ្មោះយ៉ាតដូចគ្នា ដែលទាំងពីរនាក់ជាអ្នកជីកត្បូងនៅតំបន់ភ្នំយ៉ាតនេះ។ បន្ទាប់ពីពួកគេបានមានអាយុកាលកាន់តែវ័យចំណាស់រៀងៗខ្លួនទៅ ពួកគេបានជញ្ជឹងគិតជាមួយគ្នា ផ្តើមគំនិតកសាងអាស្រមមួយនៅលើភ្នំសំរាប់គោរពបូជា គឺនៅលើភ្នំយ៉ាតនាពេលសព្វថ្ងៃនេះ។ កាលនោះដែរ អ្នកភូមិផ្សេងទៀត បានទិញកាំភ្លើងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ និងបរបាញ់សត្វព្រៃ។ ដោយសារការបរបាញ់នេះហើយធ្វើអោយព្រលឹងអារុក្ខអារក្ស អ្នកតាព្រៃមានការខឹងសម្បា និងបានបង្ហាញខ្លួនអោយប្ដីប្រពន្ធទាំងពីរនាក់នោះឃើញ ដើម្បីនាំដំណឹងទៅប្រាប់អ្នកភូមិផ្សេងទៀត ដោយនិយាយថាប្រសិនបើអ្នកភូមិឈប់បាញ់សត្វ ព្រលឹងនោះនឹងជូនត្បូងពេជ្រមានតម្លៃដល់ពួកគេ ហើយព្រលឹងនោះ ក៏បានបញ្ជាពួកគេសម្ដែងនូវរបាំក្ងោកជូនទស្សនាជារៀងរាល់ថ្ងៃ នៅអាស្រម លើកំពូលភ្នំយ៉ាតនេះ ។ តមកអាស្រមនោះក៏បានក្លាយមកជាវត្តភ្នំយ៉ាតសព្វថ្ងៃ៕