ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃសម្រាកចុងសប្តាហ៌ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនសសយកខេត្ត និងងក្រុមការងារចុះធ្វើការរៀបចំកែលម្អសោភ័ណ្ឌភាព និងអនាម័យបរិស្ថាន នៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម ជាពិសេសសម្តេចបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខមាលភាពសាធារណៈជាពិសេសការកែលម្អ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានជាប្រចាំជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ តាមសួនច្បារ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍ ត្រូវធ្វើការវេចខ្ចប់កាកសំណល់ ឬសំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេនៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ៕