ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាក្រុងប៉ៃលិនបានរៀបចំធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ក្រោមអធិបតី ឯកឧត្តម រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាល អភិបារងក្រុង ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសរុបចំនួន១៦០នាក់ ដែលរៀបចំដោយមន្ទីរផែនការខេត្តប៉ៃលិន។
លោក ស៊ុន យី អភិបាលក្រុងបានមានមតិស្វាគមន៍ក្នុងឱកាសបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុងប៉ៃលិននេះ គឺជាថ្ងៃមួយដ៏មានសារៈសំខាន់ យ៉ាងវិសេសវិសាលបំផុត ដើម្បីផ្សារភ្ជាប់ ផែនការវិស័យទៅនឹងផែនការមូលដ្ឋាន ក្នុងគោលបំណងជួបជុំគ្នា ជាមួយក្រុមប្រឹក្សា សង្កាត់ទាំង៤ បណ្តាមន្ទីរវិស័យនានា បណ្តាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ វិស័យឯកជន ដើម្បីពិនិត្យមើល នូវការអនុវត្តគម្រោងឆ្នាំចាស់ ឆ្នាំ២០២២ និងលើកទិសដៅការងារអភិវឌ្ឍឆ្នាំថ្មីឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្នុងនោះគម្រោងដែលអនុវត្តដោយ ថវិការបស់រដ្ឋបាលក្រុងប៉ៃលិនផ្ទាល់មានចំនួន ១០ គម្រោង។ ហើយចំពោះគម្រោងមិនមានថវិកាគាំទ្រដែលរដ្ឋបាលក្រុងស្នើឲ្យគ្រប់បណ្តាមន្ទីរវិស័យ អង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមជួយគាំទ្របន្តទៀតដល់រដ្ឋបាលក្រុង និងសង្កាត់ ដើម្បីអនុវត្តនៅឆ្នាំ២០២៣ខាងមុខនេះ។ លោកបានបន្តថា៖ គម្រោងដែលត្រូវលើកឡើងសម្រាប់ឆ្នាំ ២០២៣ របស់រដ្ឋបាលក្រុង និងសង្កាត់មាន ៖ ថ្នាក់ក្រុងមាន ៤៩. គម្រោង និងសង្កាត់ទាំងបួនមាន ៦៦ គម្រោង ដើម្បីដាក់ជូនមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍនានាពិនិត្យមើល និងគាំទ្របន្ត ក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តបានអោយដឹងថា៖ គោលបំណងនៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលក្រុង មានសារៈសំខាន់បំផុតគឺដើម្បីបំរើដល់បងប្អូនប្រជាពលរដ្ឋអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ហើយគម្រោងដែលបានលើកឡើងគឺសុទ្ធសឹងតែគម្រោងអទិភាពដែលមានការចូលរួមពីប្រជាពលរដ្ឋ។ លោកបានបន្តថា៖ ការធ្វើកម្មវិនិយោគគឺឈរមូលដ្ឋានច្បាស់លាស់ផ្អែកទៅលើសុក្រិតភាព តម្លាភាព ត្រឹមត្រូវនៅទូទាំងសង្កាត់ដែលជាគម្រោង និងធនធានរបស់ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន និងដៃគូរពាក់ព័ន្ធនានា។ ហើយជាលទ្ឋផលរំពឹងទុក រដ្ឋបាលខេត្ត ក្រុង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង និងបានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមក ដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីអោយការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព។
លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ជាការពិតណាស់គោលនយោបាយវិមជ្ឈការនៅថ្នាក់សង្កាត់ និងគោលការណ៍ អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ បានឆ្លុះបញ្ចាំងឱ្យយើងឃើញនូវអ្វីៗដែលជាលទ្ធផល វិជ្ជមាន និងអវិជ្ជមាន ក្នុងការអភិវឌ្ឍតម្រោងដែលបានចុះកិច្ចព្រមព្រៀងសន្យាគាំទ្រ នៅតាមបណ្ដាសង្កាត់ ក្នុងឆ្នាំ២០២២ កន្លងមក ហើយជ្រើសរើសយកគម្រោងជាអាទិភាព ដាក់បញ្ចូលក្នុងផែនការគាំទ្ររបស់ ខ្លួនសម្រាប់ ឆ្នាំ២០២៣.បន្តទៀត ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍ នៅថ្នាក់មូលដ្ឋាន សំដៅជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ លោកបានបន្តថា៖ សិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការកំណែ ទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយ:គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់អង្គការសង្គមស៊ីវិលដៃគូរងភិវឌ្ឍន៍ វិស័យឯកជន តាមមន្ទីរអង្គភាពទាំងអស់បន្តជួយគាំទ្រលើគម្រោងជាអាទិភាពរបស់រដ្ឋបាលក្រុង សង្កាត់សម្រាប់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យដើម្បីអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា៖ សិក្ខាសាលានៅថ្នាក់ក្រុងគម្រោងសកម្មភាពជាអាទិភាពសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលក្រុងជាបណ្តោះអាសន្នរួមមាន៖ ក្រុងប៉ៃលិនមានចំនួន១១៥ គម្រោង គាំទ្រចំនួន ០៣គម្រោង ស្មើរនឹង២.៦០%, សង្កាត់ប៉ៃលិនមានចំនួន៦៣គម្រោង គាំទ្រចំនួន០៨ គម្រោង ស្មើរនឹង១២.៦៩% , សង្កាត់ អូរតាវ៉ៅមានចំនួន ៤៣ គម្រោង គាំទ្រចំនួន០៣ គម្រោង ស្មើរនឹង ៦.៩៤% , សង្កាត់ទួលល្វាមានចំនួន ៦៨ គម្រោង គាំទ្រចំនួន ០៦ គម្រោង ស្មើរនឹង៥២.៩៤% និងសង្កាត់បយ៉ាខាមានចំនួន ៤៨ គម្រោង គាំទ្រចំនួន០៣គម្រោង ស្មើរនឹង៦.២៥% ៕