ហាងកាហ្វេនៅជាយក្រុងមួយកន្លែង បាន និង កំពុងអង្រួនអារម្មណ៍ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមឱ្យចាប់អារម្មណ៍ និង ចង់ទៅលម្ហែកម្សាន្ត ក្រោយហាងមួយនេះជាទីតាំងដែលស្ងប់ស្ងាត់ល្អ និង មានបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ ដែលនៅទីនោះមានឈ្មោះថា «ឡឺទួលកាហ្វេ-Le Toul Café»។
ស្ថិតនៅលើផ្លូវ ៤២ ក្នុងភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ «ឡឺទួលកាហ្វេ-Le Toul Café» ជាទីតាំងហាងកាហ្វេលម្ហែ ក្នុងផ្ទះបុរាណខ្មែរដ៏ធំស្កឹមស្កៃ ជាមួយរចនាបថបុរាណបែបខ្មែរសុទ្ធសាធ បូករួមប្លង់ថតស្អាតៗជាច្រើន ជាទីពេញចិត្តសម្រាប់ប្រិយមិត្តដែលស្រឡាញ់ និង ចូលចិត្តថតរូបបែបវីនថេក។
អ្វីដែលកាន់តែពិសេសទៀតនោះ ហាងកាហ្វេដ៏ស្រស់ត្រកាលមួយនេះ មានកន្លែងអង្គុយនៅជាប់មាត់ទឹកក្នុងបរិវេណផ្ទះចំណាស់ ជាមួយផ្លូវចូលធំទូលាយ អមដោយរុក្ខជាតិធំៗជាម្លប់ជាទីស្ងប់ស្ងាត់ល្អ បូករួមខ្យល់បរិយាកាសស្រស់ស្រាយ អាចឱ្យប្រិយមិត្តដែលបានទៅលម្ហែទីនោះ រសាយអស់នូវរាល់ទុក្ខកង្វល់បានមួយគ្រាផងដែរ៕