ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិផងដែរ ដែលមានដូចជា តំបន់ទឹកធ្លាក់ សួនផ្កា និង តំបន់លម្ហែជើងភ្នំ ជាដើម។
ថ្មីៗនេះផងដែរ មហាជនអ្នកលេងបណ្ដាញសង្គម ក៏បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនូវទីតាំងលម្ហែជាប់ជើងភ្នំមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តដ៏រីកចម្រើនមួយនេះ ដែលនៅទៅនោះមានទាំងកន្លែងស្នាក់នៅ គយគន់ជាប់ជើងភ្នំ គួរជាទីមនោរម្យក្រៃលែង ដែលមានឈ្មោះថា «ផ្កាព្រៃ រីសត»។
ស្ថិតនៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកសំឡូត ខេត្ដបាត់ដំបង «ផ្កាព្រៃ រីសត» ជារីសតដែលមានសភាពស្ងប់ស្ងាត់ បង្កើតឡើងនៅជាប់ជើងភ្នំផ្ទាល់តែម្ដង ដែលអាចឱ្យអ្នកទៅទស្សនាកម្សាន្ត អាចទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ល្អជាមួយធម្មជាតិ និង មានអារម្មណ៍ស្រស់ស្រាយក្នុងការស្នាក់នៅផ្សាភ្ជាប់នឹងធម្មជាតិដ៏ស្រស់បំព្រង។
អ្វីដែលកាន់តែពិសេសទៀតនោះ កន្លែងស្នាក់នៅត្រូវបានរៀបចំយ៉ាងពិសេស និង ស្រស់ស្អាត មិនចាញ់នៅបរទេសនោះឡើយ ដោយសាងសង់លើទីខ្ពស់ អាចមើលឃើញទេសភាពពីជើងភ្នំ រំសាយអស់នូវរាល់ទុក្ខកង្វល់ព្រមទាំងទទួលយកអារម្មណ៍គេងក្នុងតង់ដ៏ធំ សង់នៅលើទួលនៃរុក្ខជាតិបៃតងខ្ចីលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក គួរឱ្យចង់ទៅសម្រាកលម្ហែក្រៃលែង៕