បញ្ហាមាន់មិនសូវដុះរោម ឬរោមដុះមិនបានល្អ គឺជាបញ្ហាចំបង ពីព្រោះជាធម្មតាពូជមាន់ស្រែមានពូជច្រើន តែពូជមានស្រែដែលត្រូវនឹងតំរូវការទីផ្សារមានដូចជា ពូជមាន់ស្កួយ ពូជមាន់សំពៅ។ ហើយពូជមាន់ដែលមិនត្រូវនឹងទីផ្សារ ជាពិសេសពូជដែលមិនសូវដុះរោម ឬរោមដុះមិនបានល្អ ដូចជា ពូជមាន់កណ្តូង ពីព្រោះពូជជាធម្មតា ជាពូជមួយដែលដុះរោមមិនល្អទេ ទោះយើងចិញ្ចឹមដល់មាន់មានទំងន់ ១,៥ គីឡូក្រាម ក៏ពូជមាន់ប្រភេទនេះ មិនដុះរោមជិតដែរ។
ដូច្នេះបងប្អូនអ្នកចិញ្ចឹមទាំងអស់ គួរតែជៀសវាងពូជប្រភេទនេះ ដើម្បីជៀសវាងបញ្ហាមាន់មិនដុះរោមទាំងនេះ ហើយគួរជ្រើសរើសពូជមាន់ស្កួយ និងសំពៅ ទើបល្អ ពីព្រោះពូជពីរនេះ ងាយដុះរោមជិតល្អ។កត្តាថែទាំ ក៏ជាកត្តាសំខាន់ពីព្រោះបើបងប្អូនផ្តល់ការថែទាំមិនបានល្អ មិនសមស្របតាមតំរូវការរបស់មាន់ស្រែ នោះមាន់នឹងមានបញ្ហារោមដុះមិនជិតជាខាន។ តើកត្តាថែទាំអ្វីខ្លះ ដែលធ្វើអោយមាន់ស្រែចិញ្ចឹមទៅ មានបញ្ហាដុះរោមមិនជិត? ការថែទាំទាំងអស់នោះរួមមាន:
ការចិញ្ចឹមដោយគ្មានទីធ្លាសំរាប់មាន់ដើរលេង ទ្រុងចង្អៀតពេក (ចិញ្ចឹមដាក់ទ្រុងបិទជិត) ដែលជាហេតុធ្វើអោយមាន់មានបញ្ហាស្ត្រេស មាន់ចឹងគ្នា ចឹកស៊ីរោមគ្នា។
ដូច្នេះបងប្អូនទាំងអស់ ត្រូវចាំថាការចិញ្ចឹមមាន់ស្រែ បងប្អូនត្រូវសាងសង់អោយបានសមស្របសំរាប់មាន់ និងចំនួនមាន់ (មាន់សាច់ មួយការ៉េ ១០ ក្បាល) ហើយត្រូវមានទីធ្លាដើរលេងខាងក្រៅ ដើម្បីអោយវាបានត្រូវនឹងកំដៅថ្ងៃ បានធ្វើលំហាត់ដោយការកាយ ឬចឹងស៊ីរបស់ផ្សេងៗជាចំណីផងដែរ។ការផ្តល់កំដៅលើស ឬខ្លាំងពេក ក៏ជាកត្តារារាំងការលូតលាស់នៃកោសិការោមរបស់មាន់ផងដែរ។ ដូច្នេះបងប្អូនត្រូវតែ ផ្តល់កំដៅអោយមាន់ អោយសមស្របតាមតំរូវការរបស់មាន់ និងចំនួនមាន់។ជាពិសេសត្រូវផ្សារភ្ជាប់ជាមួយបរិយាកាសខាងក្នុងមាន់ ដើម្បីការពារធ្វើយ៉ាងណា អោយក្នុងទ្រុងមាន់ ក្នុងរោងមាន់ មានខ្យល់អាកាសល្អ មិនហប់ក្តៅ ដែលជាហេតុមាន់ជ្រុះរោម ឬប៉ះពាល់ការលូតលាស់របស់កោសិការោមរបស់មាន់។
កត្តាចំណីអាហារខ្វះសារធាតុចិញ្ចឹមៈ ជាទូទៅ បើមាន់មានបញ្ហារោមដុះមិនជិតល្អ មាន់ទាំងនោះអាចខ្វះសារធាតុមួយចំនួនដូចជា វីតាមីនដែលមានក្នុងបន្លែ និងផលិតសំរេច សារធាតុរ៉ែ ដែលមានក្នុងផលិតផលសំរេច និងវត្ថុធាតុដូចជា កាល់ស្យូម ផូស័រ ទង់ដែង ម៉ាញេស្យូមជាដើម។ ចំពោះការខ្វះ ពពួកអាមីណូអាស៊ីត ក៏ជាកត្តាដែលធ្វើអោយមាន់មានបញ្ហាដុះរោមមិនជិតល្អផងដែរ ដូចជាមេត្យូនីន និងលីស៊ីន។
ដូច្នេះបងប្អូនត្រូវតែផ្តល់ចំណីណាដែលមានសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់ ជាពិសេសអាចបន្ថែមសារធាតុចិញ្ចឹមទាំងនេះចូលក្នុងចំណីបន្ថែម ដើម្បីធានាពីគុណភាពចំណីដែលយើងបានផ្តល់អោយមាន់របស់បងប្អូន។
សូមចំណាំៈ បើចំណីដែលបងប្អូនមានជាតិប្រេងលើសពីតំរូវការរបស់មាន់ នោះវាក៏ជាបុព្វហេតុធ្វើមាន់មានបញ្ហាជ្រុះរោម ឬដុះរោមមិនល្អផងដែរ ដូចជាកាកដូង។
កត្តាការផ្តល់ចំណី ក៏ជាកត្តាចំបងមួយទៀតដែរ ដែលធ្វើអោយមាន់របស់បងប្អូនមានបញ្ហាដុះរោមមិនល្អផងដែរ។ ជាទូទៅ អ្នកទាំងអ្នកចិញ្ចឹមម្នាក់ គិតតែធ្វើយ៉ាងម៉េចអោយមានឆាប់ធំ ឬធំលឿន ដើម្បីចំណេញពេលវេលាក្នុងការចិញ្ចឹម តែលទ្ធផលដែលបានមកវិញ មាន់ធំលឿនមែន តែអ្វីដែលជាបញ្ហាគឺមានធំមុនអាយុ ដែលជាហេតុធ្វើអោយមាន់មានបញ្ហាដុះរោមមិនជិតល្អ សាច់មាន់ស្លេក និងជ្រាយ។
ដូច្នេះបងប្អូនចិញ្ចឹម ត្រូវតែគិតគូរអោយបានច្បាស់ពីអាយុកាលចិញ្ចឹម និងការផ្តល់ចំណីអោយសមស្របតាមតំរូវរបស់វា ដូចជាចំណីសំរេច បន្លែ កន្ទក់ ពោតជាដើម ដើម្បីជួយកាត់បន្ថយចំណាយ និងជួយអោយមាន់ធំលូតលាស់តាមអាយុកាលរបស់វា ឬពេញរូបរាងរបស់វាតាមបច្ចេកទេស និងស្តង់ដាទីផ្សារមាន់ស្រែ៕