នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៣-២០២៥ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មនៅថ្នាក់ក្រុង ស្រុក ក្រោមអធិបតីលោក គោ ស៉ុមប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ឌិន គឹម សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ជា ចាន់ឌិន ប្រធាមក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលខេត្ត ទីចាត់ការផែនការ និងវិនិយោគ អភិបាលរងក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលរៀបចំដោយមន្ទីរផែនការខេត្តប៉ៃលិន។
លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តបានអោយដឹងថា៖ គោលបំណងនៃវេទិកាកសាងកម្មវិធីវិនិយោគខេត្ត២០២៣-២០២៥ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មនេះ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បណ្តុំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ។ ហើយពិនិត្យតារាងសំណើគម្រោងអាទិភាពរបស់ខេត្ត សម្រាប់ជាមូលដ្ឋានក្នុងការគាំទ្រ (ចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន) និងបង្ហាញពីប្រភេទគម្រោង ដែលត្រូវគាំទ្រថ្នាក់ខេត្ត ក្រុងស្រុក ក្នុងការបំពេញចូលតារាងកិច្ចព្រមព្រៀងបណ្តោះអាសន្ន (TA) ការផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ២០២៣-២០២៥ របស់ឃុំ/សង្កាត់ នៅថ្នាក់ក្រុង /ស្រុក។ លោកបានបានបន្តថា៖ ជាលទ្ឋផលរំពឹងទុក រដ្ឋបាលខេត្ត ក្រុង ស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង និងបានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមក ដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីអោយការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព។
លោក គោ ស៊ុមប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ យោងតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីសម្រេចនូវចក្ខុវិស័យ និងគោលបំណង របស់រដ្ឋបាលខេត្ត ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (២០១៦-២០៣០) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៩-២០២៣) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត សុខមាលភាពប្រជាពលរដ្ឋ។ ហើយផ្អែកតាមគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្ត ក្រុមការងារកសាងផែន ការខេត្តបានរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២០-២០២៤ របស់រដ្ឋបាលខេត្ត និងបានរៀបចំកម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល២០២៣-២០២៥ សម្រាប់អនុវត្ត ។ លោកបានបន្តថា៖ ឆ្នាំ២០២២ គឺជាឆ្នាំទី៣ នៃផែនការ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២០-២០២៤ របស់រដ្ឋបាលខេត្ត ដែលក្រុមការងារ កសាងផែនការខេត្តបានរៀបចំកម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល ២០២៣ -២០២៥ ហើយបានលើកឡើងនូវគម្រោងអាទិភាពដើម្បីស្វែងរកការគាំទ្រ និងធ្វើការគាំទ្រដល់សំណើជាអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក ក្នុង វេទិកាពេលនេះផងដែរ។ មួយវិញទៀតការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម ដែលមានភាពជឿនលឿន គឺអាស្រ័យមានការចូលរួមយ៉ាង សកម្មពីសំណាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន និងរដ្ឋដែលត្រូវតែសហការសាមគ្គី និងជួយបំពេញឲ្យគ្នាទៅវិញទៅមក សម្រាប់ផលប្រយោជន៏ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពណ៌សម្បុរ ទិន្នាការនយោបាយ ជំនឿសាសនា ។ល។ ម្យ៉ាងទៀតដើម្បីធានាគុណភាពនិងប្រសិទ្ធ ភាពក្នុងការអភិវឌ្ឍន៍ខេត្តរបស់យើងឲ្យរីកចំរើន និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្តបានសំណូមពរដល់មន្ទីរអង្គភាពទាំងអស់ត្រូវចូលរួមក្នុងសកម្មភាពសិក្ខាសាលាសមាហរណកម្មនៅថ្នាក់ក្រុង ស្រុកនៅពេលខាងមុខ ជាពិសេសត្រូវគៀងគរអង្គការក្រៅរាជរដ្ឋាភិបាល NGO ក្នុងខេត្តក៏ដូចជាសប្បុរសជនដែលធ្លាប់មានស្នាដៃក្នុងចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិអោយមកចូលរួមទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ គម្រោងសកម្មភាពជាអទិភាពសម្រាប់កម្មវិធីវិនិយោគខេត្ត២០២៣-២០២៥ របស់រដ្ឋបាលខេត្តមានគម្រោងចំនួន៣គឺទី១, គម្រោងដែលកំពុងដំណើរការមានចំនួន១២ គម្រោង, ទី២ គម្រោងដែលមានកិច្ចសន្យាគាំទ្រចំនួន ២៥១គម្រោង និងទី៣ គម្រោងអាទិភាពដែលមិនទាន់មានការសន្យាគាំទ្រចំនួន១២៩គម្រោង៕