(ឡុងដ៍)៖ ក្លិប Tottenham Hotspur បានសម្រេចទាំងស្រុងនូវការចុះកិច្ចសន្យាលេងជាអចិន្ត្រៃយ៍ នៃខ្សែការពារអាហ្សង់ទីន Cristian Romero លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៧។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំរូបនេះ ដំបូងឡើយបានចូលរួមជាមួយក្លិបដែលមានមូលដ្ឋានៅទីក្រុង London មួយនេះ លើកិច្ចសន្យាខ្ចីជើងពីក្លិប Atalanta ដែលលេងនៅលីគ Serie A កាលពីខែសីហា ឆ្នាំ២០២១ និងបានជួយឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នៅលីគកំពូលអង់គ្លេស និងបានវិលត្រឡប់ទៅលេងនៅ UEFA Champions League។
លោកបានបង្ហាញខ្លួន ៣២ប្រកួត សម្រាប់ក្លិប Tottenham និងបានស៊ុតបញ្ចូលទីនាំឲ្យទទួលបានជ័យជម្នះលើក្រុម Brighton & Hove Albion កាលពីខែមីនា។
Romero ដែលបានជាប់ឈ្មោះលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ១១លើកនោះ បានខកខានការប្រកួតចុងក្រោយចំនួន២ របស់ Spurs ពោលគឺការប្រកួតប៉ះ Wolverhampton Wanderers និង Nottingham Forest ដោយសារបញ្ហាសាច់ដុំ ប៉ុន្តែបានចាប់ផ្តើមហ្វឹកហាត់វិញហើយ មុនការធ្វើដំណើរនៅថ្ងៃពុធទៅជួបក្រុម West Ham United នេះ៕