(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នាខែមីនា ឆ្នាំ២០២៣ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិ CAMSOC និងការផ្ដល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះ ពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកកាលពីថ្មីៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពាររជាតិ ជាប្រធាន គឺបានអនុញ្ញាតឲ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ចាប់ពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍នេះ គឺជាការត្រៀម និងវាស់ស្ទង់កម្រិតបច្ចេកទេស សមត្ថភាពកីឡាករ-កីឡាការិនី និងអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីឆ្ពោះទៅសម្រេចផែនការមេ ដែលសហព័ន្ធគ្រោងដណ្ដើមមេដាយមាសចំនួន ៩គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
តាមរយៈនេះ គណៈកម្មាធិការជាតិ CAMSOC តម្រូវឲ្យសហព័ន្ធសាមី រៀបចំបទបញ្ជាការប្រកួតជាភាសាអង់គ្លេស សហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់រៀបចំគម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកួតផងដែរ។
គួរដឹងថា កីឡាវ៉ូវីណាម គឺជាប្រភេទកីឡា ដែលដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីពេលកន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩) ខណៈស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា សហព័ន្ធប្ដេជ្ញាដណ្ដើមមេដាយមាស ៩គ្រឿង ក្នុងនាមម្ចាស់ផ្ទះ៕