ផ្សិតម្ជុល គឺជាបន្លែដែលពេញនិយមយ៉ាងខ្លាំង នៅក្នុងការចម្អិនអាហារ ដោយសារតែវាមានរសជាតិបង្កើតភាពឆ្ងាញ់របស់វា។ ផ្សិតម្ជុល មានប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា៖ ជម្រុញប្រព័ន្ធបញ្ចេញចោល , ជួយចរន្តឈាមរត់ឱ្យមានភាពប្រសើរឡើង, រក្សាសម្ពាធឈាម, ការកាត់បន្ថយជាតិស្ករក្នុងឈាមពីជំងឺទឹកនោមផ្អែម, បង្កើនភាពស៊ាំ, ធ្វើឱ្យស្បែកស្អាត។
ខាងក្រោមនេះ គឺជាបច្ចេកទេសដាំដុះផ្សិតម្ជុល៖
ការរៀបចំកន្លែងដាំ
- ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា
វត្ថុធាតុផ្សំសម្រាប់បណ្តុះផ្សិត
- ដើមនិងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ
- កន្ទក់ម៉ដ្ឋ
- កំទេចអាចម៍រណារ
- សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ
- អាចម៍រណារពីដើមកៅស៊ូ
- អាចម៍រណារឈើខ្លឹម
- អាចម៍រណារដើមពោធិ៍
- ចំបើងហាន់ឲ្យម៉ដ្ឋ
- ស្នូលពោតកិនឲ្យម៉ដ្ឋ
- កាកអំពៅឬសំបកចេក
ការផ្សំវត្ថុធាតុសម្រាប់បណ្តុះ
វិធីសាស្រ្តទី១៖
- អាចម៍រណារ ៧៧%
- កន្ទក់ ២០%
- ស្កសរ ១%
- កំបោរស ១%
- ជីsuper phosphate ១%
- បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH =៦,៥
វិធីសាស្រ្តទី២៖
- ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%
- កន្ទក់ ២០%
- ស្នូលពោតកិន ៥%
- ស្កសរ ១%
- ជី super phosphate ១%
- កំបោរស ១%
- បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH =៦,៥
- ចំពោះចំបើងគឺត្រូវយកចំបើង ដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ ចាប់ពី៣-៦ខែ តែប្រសិនបើត្រូវការបន្ទាន់ អាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃ រយៈពេល៣ថ្ងៃ អាចយកទៅប្រើបាន
ការបណ្តុះផ្សិតម្ជុល
- ដាក់ច្រកវត្ថុធាតុផ្សំ ដែលលាយរួចទាំងអស់ទៅ ក្នុងថង់ប្លាស្ទិច ឬអាចប្រើដបកែវក៏បាន ដែលអាចដាក់បានបរិមាណ ពី៤០០-៥០០ក្រាម
- ពេលច្រករួចត្រូវ ឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយ សម្រាប់ដាក់មេផ្សិត
- ទុកចន្លោះខាងលើ ប្រមាណ២០ស.ម ដែលអាចឲ្យផ្សិតលូតលាស់បាន
- យកក្រដាសមក រុំព័ទ្ធជុំវិញថង់នេះ ដោយទុកឲ្យលយទៅខាងលើ
- ដាក់ចំហុយវារយៈពេល ប្រមាណ៣០នាទី ដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ
- រួចយកវាមករក្សាទុក នៅត្រឹម២៥ºC រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដប អាចដាក់បណ្តុះបានពី ៣០-៤០ថង់
- បន្ទាប់ពីដាក់មេផ្សិត ហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពី គ្នា៥០-៦០ស.ម
ការថែទាំផ្សិតម្ជុល
- ដាក់ទែម៉ូម៉ែត្រ និងឧបករណ៍វាស់សំណើម ដើម្បីតាមដានពីសីតុណ្ហភាព និង សំណើមក្នុងរោងបណ្តុះ
- ត្រូវរក្សាថង់បណ្តុះផ្សិត ក្នុងរោងដែលមាន សីតុណ្ហភាពពី២០-២៣ºC រយៈពេលពី២០-៣០ថ្ងៃ អាចចាប់ផ្តើមប្រមូលផលបាន
- ពេលដែលផ្សិតចាប់ផ្តើម ដុះត្រូវរក្សាសំណើមក្នុងរោង ពី៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
- ពេលដែលផ្សិតដុះបានវែង បន្តិចត្រូវរក្សាសំណើមក្នុងរោង ពី៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេ រហូតដល់ពេលប្រមូលផល
ការប្រមូលផល
- នៅពេលដែលផ្សិតដុះ បាន១៥ស.ម អាចចាប់ផ្តើមប្រមូលផលបានហើយ
ចំណាប់អារម្មណ៍
ផ្សិតម្ជុល ជាបន្លែមួយពេញនិយមក្នុងការទទួលទាន និងមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ ដូច្នេះបងប្អូនដែលមានដីទំនេរ អាចចាប់ផ្តើមមុខរបរ បណ្តុះផ្សិតម្ជុលនេះ សម្រាប់បង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារបាន។ មុនចាប់ផ្តើមមុខរបរនេះ បងប្អូនគួរសិក្សា ពីបច្ចេកទេស និងការរៀបចំសាងសង់រោងបណ្តុះ ព្រោះផ្សិតនេះ វាត្រូវការសីតុណ្ហភាពត្រជាក់ដើម្បីលូតលាស់៕