ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារនៅខេត្តប៉ៃលិន។
លោក រាម សុមិត្រ ប្រធាន សាខា ប.ស.ស ខេត្តប៉ៃលិន បានរាយការណ៍ថា៖ សាខា ប.ស.ស ខេត្តប៉ៃលិន បានធ្វើប្រតិបត្តិការក្នុង ការផ្ដល់សេវាដល់សមាជិក ប.ស.ស បានឆាប់រហ័ស និងទាន់ពេលវេលា ហើយ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយ មូលដ្ឋានសុខាភិបាល ចំនួន៧ និង មូលដ្ឋានសុខាភិបាលសាធារណៈចំនួន៧។ ជាមួយគ្នានោះបានចុះបញ្ចីការមន្រ្តីសាធារណៈសម្រាប់ផ្នែកហានិភ័យការងារសរុបចំនួន២,០៨៩នាក់ ស្រី៨៣៥ នាក់។ ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៤,២៣៦នាក់ ស្រី ៩៧៩នាក់ ហើយបានចុះបញ្ជីក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក ឃុំ/សង្កាត់ ប្រធានភូមិ អនុ.ភូមិ សមាជិកភូមិ សរុបចំនួន ៣៣១ នាក់ ស្រី៨៤ នាក់។ បានចុះបញ្ជីការ សហគ្រាស គ្រឹះស្ថានផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ចំនួន១៦៧ សហគ្រាស កម្មករនិយោជិតចំនួន ៣,៣៤៦នាក់ (សហគ្រាសបិទទ្វារចំនួន៥៧ សហគ្រាស)។ ហើយសហគ្រាសកំពុងដំណើរការ និងបង់ភាគទាន ចំនួន១១១ សហគ្រាស និងមានកម្មករនិយោជិត ចំនួន ១,៧៧៨នាក់ ស្រី៥៣១នាក់ នៅទូទាំងខេត្តប៉ៃលិន។
ក្នុងឱកាសនេះដែរ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានស្វាគមន៍ការផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។ លោកបានបន្តថា ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៦-២០២៥ ដែលប្រែក្លាយឋានៈរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់ នៃការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណភាព អ្នកដែលរកចំណូលសម្រាប់គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានសំណូមពរអស់លោក លោកស្រីចូលរួមត្រង់ត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារនឹងចូលរួមផ្តល់ជាមតិយោបល់ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលតាមការគ្រោងទុក។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម មានប្រសាសន៍ថា៖ ការបង្កើតឱ្យមាននូវយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។ ម្យ៉ាងវិញទៀត៖ ការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់កម្មករ និយោជិតក្នុងវិស័យឯកជន គឺជាជំហានថ្មីមួយទៀត ដែលជា ជំហានឆ្ពោះទៅកាន់ ការអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម ឱ្យពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា របបសន្តិសុខសង្គម បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងអំពីការអនុវត្តន៍របបសន្តិសុខ សង្គមផ្នែកប្រាក់សោធនថ្មីមួយនេះឱ្យមានប្រសិទ្ធភាពបំផុត។ ឯកឧត្តម សង្ឃឹមថាលោកលោកស្រី មន្ទីរពាក់ព័ន្ធ នាយក ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងទទួលបានព័ត៌មានថ្មីៗ និងការយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធសន្តិសុខសង្គម ជាពិសេសរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលបានផ្សព្វផ្សាយនាពេលនេះ នឹងពង្រីកការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនរបស់ខ្លួន ឱ្យបានគ្រប់ទូទាំង ២៥រាជធានី-ខេត្ត។
គួរបញ្ជាក់ថា៖ការ ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកដែលស្ថិតនៅក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារសម្រាប់ខេត្តប៉ៃលិន ជាភូមិសាស្ត្រទី១៥ហើយ ក្នុងការយុទ្ធនាការផ្សព្វផ្សាយរបស់ ប.ស.ស នាពេលនេះ៕