(ថៃ)៖ ក្រុមរថយន្ត Off Road កម្ពុជា៣ក្រុម ជាមួយនឹងរថយន្ត Off Road ខ្លាំងៗ៩គ្រឿង កំពុងធ្វើដំណើរទៅចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២ នៅខេត្តកញ្ចនបុរីភាគខាងលិចប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ដល់ទី២៨ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះ។
ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២នេះ មានក្រុមកីឡាករចូលរួម៤ប្រទេស ក្នុងនោះមានម៉ាឡេស៊ី ឡាវ កម្ពុជា និងថៃដែលជាម្ចាស់ផ្ទះ និងមានរថយន្តចូលរួមប្រណាំងប្រមាណជាង១០០គ្រឿង ក្នុងនោះកម្ពុជាមាន៣ក្រុមដែរ គឺ «ក្រុមខេមបូ 4×4» «ក្រុម VKH» និង «ក្រុមគោព្រៃមណ្ឌលគិរី»។
នៅថ្ងៃទី២២ ខែសីហា ក្រុមរថយន្តកម្ពុជាទាំង៣ក្រុមខាងលើបានទៅដល់ខេត្តត្រាតប្រទេសថៃដោយសុវត្ថិភាព ហើយនៅថ្ងៃទី២៤ស្អែកនេះពួកគេនឹងបន្តដំណើរទៅទីក្រុងបាងកក និងខេត្តកញ្ចនបុរីតែម្ដង។ គួរជម្រាបថា ក្នុងការធ្វើដំណើរទៅចូលរួមក្នុងការប្រកួតកីឡាប្រណាំង រថយន្ត Off Road នេះ ក្រុមរថយន្តកម្ពុជានឹងឆ្លងកាត់ចាប់ពីខេត្តត្រាត (Trat) ខេត្តចន្ទបុរី (Chanthaburi) ខេត្តរយង្គ (Rayong) ខេត្តជលបុរី (Chonburi) ខេត្តស្ទឹងជ្រៅ (Chachoengsao) ខេត្តសមុទ្រព្រះខ័ន (Samut Prakan) ហើយបានចូលទៅដល់រាជធានីបាងកក។ ចេញពីបាងកកត្រូវឆ្លងកាត់ខេត្តនគរបឋម (Nakhon Pathom) មុនទៅដល់ខេត្តកញ្ចនបុរី (Kanchanaburi)។
លោក វង្ស គឹមហួត សមាជិកក្រុមរថយន្ត Off Road កម្ពុជា បានបញ្ជាក់ថា កម្មវិធីប្រកួតនៅថ្ងៃទី២៥ខាងមុខនេះ គឺមានទាំងការចុះឈ្មោះ ប្រជុំបច្ចេកទេស ពិនិត្យរថយន្ត គ្រឿងមាស៊ីន ប្រព័ន្ធសុវត្ថិភាពផ្សេងៗ។ លោកថា ថ្ងៃទី២៦-២៧-២៨ ក្រុមរថយន្តដែលចូលរួមគឺនឹងចាប់ផ្តើមប្រណាំងលើវិញ្ញាសាឯកត្តជន វិញ្ញាសា UTV និងវិញ្ញាសាជាក្រុម។
លោក ព្រុំ រស្មី ប្រធានក្រុមរថយន្ត Off Road កម្ពុជា បានបញ្ជាក់បន្ថែមថា ការប្រណាំងខាងលើនេះគឺជាវិញ្ញាសាថ្មីមួយនិងប្លែកសម្រាប់កម្ពុជា ដោយសារកន្លងមកកីឡាករធ្លាប់តែប្រកួតជាវិញ្ញាសាឯកត្តជន ប៉ុន្តែកម្មវិធីប្រណាំងនៅថៃនេះគឺត្រូវប្រកួតជាក្រុម ដូច្នេះទាមទារឱ្យកីឡាករទាំងអស់ត្រូវសាមគ្គីគ្នា និងសហការគ្នាជាក្រុម ទោះបីមានអ្នកខ្លាំង និងអ្នកខ្សោយក៏ដោយ។ «ពួកយើងត្រូវប្រណាំងឱ្យដល់ទីជាក្រុម ទើបទទួលបានជ័យជម្នះ»។
ប្រធានក្រុមរថយន្ត Off Road កម្ពុជារូបនេះបាបន្តថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២នេះ រៀបចំដោយប្រទេសថៃ ការចូលរួមរបស់កម្ពុជាគឺចង់រិតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសជិតខាង ពិសេសចង់បង្ហាញទៅកាន់ពិភពលោកថា «កម្ពុជាក៏ជាមានធនធានកីឡាករក្នុងវិស័យកីឡារថយន្ត Off Road ផងដែរ»។
ក្នុងនាមក្រុមរថយន្ត Off Road កម្ពុជា លោក ព្រុំ រស្មី បង្ហាញការជឿជាក់ថានឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពីលេខ១ដល់លេខ៥ពីការប្រណាំងរថយន្ត Off Road លំដាប់អន្តរជាតិមួយនេះ៕