ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ជាពិសេសផ្តល់ចំណេះដឹងដល់អ្នកមិនទាន់មានបទពិសោធន៍ក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីអាចអនុវត្តតួនាទី និងភារកិច្ច ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មី អណត្តិទី៥ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ត្រូវតែខិតខំកែប្រែឥរិយាបថរបស់ខ្លួន ក្នុងការបំពេញតួនាទី ឱ្យមានលក្ខណៈល្អប្រសើរឡើង ហើយត្រូវយកចំណេះដឹង ដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងារនៅមូលដ្ឋានរបស់ខ្លួន ដើម្បីដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន, ការពិគ្រោះយោបល់, ការចូលរួមការឆ្លើយតប និងគណនេយ្យភាព ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៅមូលដ្ឋាន។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មី អណត្តិទី៥ ចូលរួមចំនួន ៨ឃុំ-សង្កាត់ សរុប ចំនួន ៤៦នាក់ ៕