នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ក្រោមអធិបតីលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចួលរួមពី លោក-លោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីទាំង ៨ឃុំសង្កាត់ សរុបចំនួន ៤៦នាក់ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួលដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់ឱ្យបានល្អប្រសើរ។ ហើយក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវទោះជាលោក លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ចាំបាច់លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសជាអាណាព្យាបាលសម្រាប់បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ក្រោមនយោបាយឈ្នះៗពោរពេញដោយសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ក្រោមដំបូលសន្តិភាព ។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា៖ លោក-លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រងចាត់ចែង និងសម្រេចចិត្តក្នុងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើនត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈអោយទាន់ពេលវេលា និងរហ័សនៅកម្រិតរដ្ឋបាលនីមួយៗ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ដែលនៅជិតបងប្អូនប្រជាពលរដ្ឋបំផុត។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៥នេះ ។ ដូចនេះសូមលោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការអនុវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួនាទី ភារកិច្ច ឱ្យបានល្អប្រសើរ ក្នុងវគ្គបណ្តុះបណ្តាលនេះរយះពេល ០២ថ្ងៃដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ៕