បងប្អូនអ្នកលេងបណ្ដាញសង្គម ជាពិសេសយុវវ័យ ថ្មីៗនេះបាននាំគ្នាចាប់អារម្មណ៍នូវកន្លែងលម្ហែមួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ ដែលមានបរិយាកាសស្រស់ស្រាយប្លែកភ្នែក ទាក់ទាញគួរឱ្យចង់ទៅសម្រាកលម្ហែកម្សាន្តអារម្មណ៍ និង ថតរូបលេង ក្នុងឱកាសថ្ងៃឈប់សម្រាក ក៏ដូចជាថ្ងៃចុងសប្ដាហ៍។
នៅទីនោះមានឈ្មោះថា «Memory Resort-រមណីដ្ឋាន ការចងចាំ» មានទីតាំងស្ថិតនៅ តំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំងាយត្រឹមតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះ ពីកំពង់ចម្លងស្វាយជ្រំ និង ១៤ គីឡូម៉ែត្រ ពីកំពង់ចម្លងអរិយក្សត្រ ឬ តាមស្ពានព្រែកតាមាក់ ផ្លូវលេខ 8A។
«Memory Resort-រមណីដ្ឋាន ការចងចាំ» បើកឱ្យចូលកម្សាន្ត ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១០ យប់ ជាកន្លែងសម្រាប់លម្ហែសម្រាកពីការងារ លំហែខួរក្បាល និង ស័ក្តិសមសម្រាប់ការជួបជុំទទួលទានអាហារជុំគ្នា ជាមួយគ្រួសារ និង មិត្តភក្តិ ជាដើម។ នៅទីនោះ មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ មានកញ្ចុះលម្ហែកាយ ជាប់បឹងធំល្វឹងល្វើយ រួមទាំងមានម្ហូបអាហារឆ្ញាញ់ៗ សម្រាប់កំដរអារម្មណ៍ប្រិយមិត្ត៕