រាជធានីភ្នំពេញ ៖ កីឡាការិនីការ៉ាតេ រិទ្ធ គឹមលាង បានឱ្យដឹងថា ការហ្វឹកហាត់នៅជប៉ុនរយៈពេលខ្លី ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍ច្រើនជាងហ្វឹកហាត់ក្នុងស្រុក ដោយសារនៅទីនោះ គឺយើងផ្តោតទៅលើតែការហ្វឹកហាត់ មិនគិតច្រើន អញ្ចឹងការផ្តោតអារម្មណ៍ក៏បានខ្ពស់ដែរ តែបើនៅក្នុងស្រុកគឺផ្តោតអារម្មណ៍មិនបានល្អទេ រវល់ទៅរៀន ទៅនេះ ទៅនោះ ធ្វើឱ្យការហ្វឹកហាត់មិនបានពេញលេញ។
រិទ្ធ គឹមលាង បន្តថា ស៊ីហ្គេម ២០២៣ នៅកម្ពុជា សង្ឃឹមខ្ពស់ ពីព្រោះមានឱកាសចេញទៅហ្វឹកហាត់ក្រៅប្រទេសច្រើនជាង ។ ឯស៊ីហ្គេម នៅវៀតណាម ការត្រៀមមិនបានល្អ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការហ្វឹកហាត់បានតិចតួច និងតាម online ធ្វើឱ្យមានការពិបាក គ្រូមិនអាចកែបាន និងមិនអាចផ្តល់ជាបច្ចេកទេសផ្ទាល់ៗ ជាពិសេសមិនសូវបានចេញប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ ធ្វើឱ្យខ្លាចទីលាន និងការបន្សាំខ្លួនមិនល្អ។
ដូច្នេះសិទ្ធផលធ្លាក់ចុះ ទម្រង់ក៏ធ្លាក់ តែកម្លាំងអាចរក្សាបាន ។ បញ្ហានេះ បានធ្វើឱ្យអត្តពលិកកីឡាការ៉ាតេ មិនទទួលបានជោគជ័យស៊ីហ្គេម នៅវៀតណាម។ ជាមួយគ្នានេះ កីឡាការិនី រិទ្ធ គឹមលាង បញ្ជាក់ទៀតថា ទោះមានការហ្វឹកហាត់ច្រើនយ៉ាងណាក៏ដោយ បើមិនមានការប្រកួត គឺមិនមានការជឿជាក់លើខ្លួនឯង ខ្លាចទីលានប្រកួត មិនដឹងពីសមត្ថភាព ជាពិសេសមិនដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចខ្វះខាត យកមកកែតម្រូវនោះទេ។ តែបើមានការប្រកួតច្រើន ពី២ ទៅ ៣ព្រឹត្តិការណ៍នោះ សិទ្ធផលកាន់តែខ្លាំង។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមមកពី ៩ប្រទេស រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វ៊ីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម និងមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន ២០នាក់ ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយរហូតដល់៧គ្រឿង ក្នុងនោះមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៥គ្រឿង។
សូមបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងបញ្ជូនអត្តពលិក៧នាក់ ទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសជប៉ុន លើវិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុម ដើម្បីត្រៀមប្រជែងមេដាយ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕