សៀមរាប៖ ប្រាសាទអង្គរវត្តជាអច្ឆិយវត្ថុដ៏អស្ចារ្យបំផុតរបស់ប្រជាជនកម្ពុជា និង ជាអត្តសញ្ញាណជាតិខ្មែរ ឈរយ៉ាងរឹងមាំរាប់រយឆ្នាំមកហើយ ។ អង្គរជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរនាសម័យដ៏រុងរឿង រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាសម្បត្តិវប្បធម៌ និងជាបេតិកភណ្ឌពិភពលោក អាចទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ។
ប្រាសាទអង្គរជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏ធំបំផុតនៅលើលោក និងមានតែមួយគ្មានពីរ ទាំងទីតាំង លក្ខខណ្ឌអាកាសធាតុ ព្រៃឈើ ខ្យល់អាកាស រយៈកម្ពស់ ប្លង់ ដែលកើតចេញពីស្នាដៃកំពូលស្ថាបត្យករខ្មែរនាសម័យអង្គរ ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណា រងព្យុះភ្លៀង ការឆ្លងកាត់សម័យសង្គ្រាមយ៉ាងណា អង្គរនៅតែរឹងមាំ រក្សាបានរូបរាងដ៏អស្ចារ្យក្រៃលែង ។
មកមើលរូបភាពជាច្រើនសន្លឹកដែលផ្ដិតដោយអ្នកជំនាញថតរូប នារដូវវស្សានៅប្រាសាទអង្គរវត្ត ពិតជាស្រស់ស្អាត និង បង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែបទៀតដូចផ្ទាំងគំនូរ ដែលវិចិត្រករបានស្រមើស្រមៃគូសចេញឡើង ។ ចង់ដឹងថា នៅរដូវធ្លាក់ភ្លៀងនាប្រាសាទអង្គរ មានទិដ្ឋភាពបែបណានោះសូមប្រិយមិត្តមកទស្សនាទាំងអស់គ្នា៖