ប៉ៃលិន៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយអង្គការ សមាគម សហជីព សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដែលធ្វើសកម្មភាពក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរដ្ឋបាលខេត្ត សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាង មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមទាំងលោក លោកស្រី តំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តប៉ៃលិន ជាច្រើននាក់ផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំគ្នានាពេលនេះ គឺក្នុងគោលបំណងដើម្បីឲ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តប៉ៃលិនទាំងអស់ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបទៅដោយចីរភាពរបស់ខេត្ត ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់អំពីតួនាទី និងសារៈសំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្តាំផ្ញើដល់អង្គការ សមាគម សហជីព សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដែលធ្វើសកម្មភាពក្នុងខេត្តប៉ៃលិន ត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ក្នុងនោះដែរមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល ដើម្បីសម្របសម្រួលការងាររវាងគ្នាប្រកបដោយភាពស៊ីសង្វាក់ និងមាននិរន្តរភាព សំដៅលើកកម្ពស់ប្រយោជន៍ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា៖ នៅក្នុងពិធីសំណេះសំណាលនោះដែរ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំង សំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុល និងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាពជាដៃគូ ដោយឆន្ទៈស្មោះត្រង់រវាងគ្នានឹងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕