ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនប្រារព្ធពិធី “ទិវាមច្ឆជាតិ” ១ កក្កដា ២០២២ ក្រោមអធិបតីយភាពលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នឹងមានការអញ្ចើញចូលរួមពីសំណាក់លោកលោកស្រីអភិបាលក្រុង/ស្រុក ប្រធានអនុប្រធានមន្ទីរ កងកំលំាងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ/សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអានរបាយការណ៍អោយដឹងថា ៖នេះគឺជាលើកទី១៨ហើយ ដែលទិវាមច្ឆជាតិនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូបឲ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិ ព្រមទាំងបង្កើនផលត្រីនៅតាម តំបន់ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានាឲ្យមានផលត្រីនៅតាមទីតំបន់ជនបទឆ្ងាយដាច់ស្រយាល ។ លោកបន្តថា៖ការប្រារព្ធទិវាមច្ឆជាតិនេះធ្វើឡើងនៅសហគមន៍ស្រះជម្រកត្រីភូមិភ្នំកុយ គឺជាស្រះមួយដែលកើតចេញពីការកាយយកអាច់ដីធ្វើផ្លូវជាតិ លេខ៥៩នៅក្នុងឆ្នាំ២០០៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។ ដោយសារស្ថានភាពភូមិសាស្រ្តសមស្របនៅឆ្នាំ២០១៧ ខណ្ឌរដ្ឋបាលជលផល បានរៀបចំចងក្រងបង្កើត ជាសហគមន៍ស្រះជម្រកត្រីបានធ្វើការចុះអប់រំផ្សព្វផ្សាយ ហាមឃាត់នេសាទត្រីនៅក្នុងស្រះ លែងត្រី មេពូជផ្ទក់ ក្រាញ់ អណ្តែង.។ លោកបន្តទៀតថា៖ខណ្ឌរដ្ឋបាលជលផលប៉ៃលិន នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានខិតខំ អនុវត្តការងារយ៉ាងសកម្មដូចភ្លៀងរលឹម ដែលសហការ ជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍មូលដ្ឋាន ដោយប្រើប្រាស់គ្រប់មធ្យោបាយលើគោលដៅសំខាន់ៗមួយចំនួនរួមមាន៖ ទី១.ការលុបបំបាត់បទល្មើសបំផ្លិចបំផ្លាញជលផល ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ស្បៃមុង និងឧបករណ៍ឆក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតវារីជាតិគ្រប់ប្រភេទ។ទី២. ត្រូវលើកកម្ពស់វារីវប្បកម្មតាមរយៈការបំផុសចលនាលែងកូនត្រីក្នុងដែនទឹកធម្មជាតិ។ទី៣ ការអភិរក្សជម្រកត្រីមេពូជ ។
លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិនតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញនិងណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តសហការ ជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងវិស័យជលផល ឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជនក្នុងមូលដ្ឋាន និងត្រូវការពារកន្លែងអភិរក្សជលផល អោយបានតឹងតែង ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនេះស្ថានប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយខណ្ឌរដ្ឋបាលជលផលលើការងារអភិរក្ស វិស័យជលផលនេះ។ត្រូវជម្រុញការងារវារីវប្បករ បណ្តុះបណ្តាលកសិករ ពីបច្ចេកទេសចិញ្ចឹមត្រី និងកង្កែប ក៏ដូចជាបម្រើឱ្យការងារលែង កូនត្រីទៅក្នុងទឹកធម្មជាតិវិញដែលត្រូវធ្វើជាប្រចាំ។ ក្នុងនោះ ត្រូវបន្តពង្រីកនូវសកម្មភាពលែងកូនត្រីឱ្យបានច្រើនថែមទៀត ដើម្បីឱ្យប្រទេសយើងកាន់តែសម្បូរត្រីគ្រប់ទីកន្លែង និងត្រូវ បង្ក្រាបបទល្មើសនេសាទការប្រើឧបករណ៍ ឆក់ត្រីដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព។ ជាមួយនេះ ត្រូវបំផុសប្រជាជននៅតាមសហគមន៍ស្រះជម្រកត្រីនីមួយៗត្រូវរាយការណ៍ពីបទល្មើសនេសាទដែលរដ្ឋហាមឃាត់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ និងអភិរក្សជលផលរបស់ជាតិយើង។
សូមបញ្ជាក់ថា៖ទិវាមច្ឆជាតិ១កក្កដា ២០២២ ដ៏មហោឡារិកនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រៀបចំពិធីលែងកូនត្រីចម្រុះចំនួន២០០០០ក្បាល និងមេត្រីពូជមួយចំនួន ដើម្បីធ្វើឱ្យសហគមន៍ស្រះជម្រកត្រីតានេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់ សេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕