ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាគណៈកម្មាធិការបក្សភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក ខេត្ត និងមន្ទីរអង្គភាព នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអានសេចក្ដីថ្លែងការណ៍ ស្តីពីលទ្ធផលសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយ នៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។
លោកជំទាវប្រធាន បានសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ /សង្កាត់ទូទាំងខេត្ត ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ ហើយតាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋ ចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងបានបង្ហាញឱ្យកាន់តែច្បាស់ថា ប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ គ្រប់គណបក្សនយោបាយ អង្គការ សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម នឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សំដៅចូលរួមចំណែកដ៏សកម្មដល់ការបង្កើតបរិយាកាសនយោបាយល្អប្រសើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧.នៅឆ្នាំ២០២៣ខាងមុខ ជាពិសេសយើងត្រូវទប់ស្កាត់រាល់ សកម្មភាពប្រទូសរ៉ាយទាំងឡាយទោះចេញពីប្រភពណាក្តី ដែលចង់បំផ្លាញសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដល់ដំណើរការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សខេត្តគ្រប់ថ្នាក់ ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់ពីកម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ដោយផ្សារភ្ជាប់ជាមួយមូលដ្ឋាន ជាមួយប្រជាជន ដើម្បីបម្រើបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះសូមបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងបន្តជំរុញសកម្មភាពដោយឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន និងខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ៕