ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន សសយកខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះចំនួន ១៦៧០ដើម នៅតំបន់រម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ។
មានប្រសាសន៍នៅក្នុងពិធីដាំកូនឈើ នាឱកាសនោះដែរ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព ការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០២០។
ឯកឧត្តម ហុក សុផល បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា៖ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងតំបន់រម្មណីយ័ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីប្រារព្ រុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន ១៦៧០ដើម មានដូចជា៖ លឿងរាជ ត្របែកព្រៃ ក្ងោក បេង គ្រញូង នាងនួន ធ្នង់ ឈើទាល សម្រាប់ដាំក្នុងពិធី រុក្ខទិវានេះ ហើយមួយចំនួនទៀត ចែកជូនដល់សាលារៀន អង្គភាព និងប្រជាពលរដ្ឋដាំតាមគេហដ្ឋានផងដែរ៕